ព័ត៌មានជាតិ

ការស្តារប្រឡាយម័ល សម្រេចបាន​៨០% គ្រោងបញ្ចប់​ ក្នុងខែសីហា ទោះបីជួបភាពលំបាកច្រើនក្តី

ភ្នំពេញ ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានថ្លែងថា ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោប្រវែងជិត៣គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ ៨០ភាគរយហើយ ដោយគ្រោងបញ្ចប់រួចរាល់ត្រឹមខែសីហា បើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីកស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន និងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការ ។

លោក ម៉ៅ ប៊ុនធឿន ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ កក្កដានេះថា ក្រោមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរធនធានទឹកនិងឧតុនិយម រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ និងទទឺងចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី១៩ កក្កដា នេះ ការងារស្តារប្រឡាយម័ល សម្រេចបាន ៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ នៅចុងខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោកបន្តថា ការជីកស្តារប្រឡាយម័ល នៅពេលនេះ ពិតជាមានការលំបាកខ្លាំង ដោយសារតែ មិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន និងអាជ្ញាធរខណ្ឌដង្កោ មិនជួយសហការ ជាមួយក្រុមការងារ។ លោកក៏បានងស្នើសុំអាជ្ញាធរខណ្ឌដង្កោ ជួយសហការក្នុងការសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារនេះ បានរួចរាល់ទៅតាមគម្រោង ដែលបានគ្រោងទុក។

គួរបញ្ជាក់ផងដែរថា ប្រឡាយម័លនេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះ នៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ៕

To Top