ព័ត៌មានជាតិ

វិភាគ ៖ កងកម្លាំង រដ្ឋាភិបាល អាហ្វហ្កានិស្ថាន ធ្លាក់ដៃ ក្នុងសង្គ្រាម១ទល់នឹង១ ជាមួយពួកឧទ្ទាមតាលីបង់

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា បានចុះផ្សាយថា ក្នុងរយៈពេលជាង មួយត្រីមាស ចុងក្រោយនេះ កងកម្លាំងរដ្ឋាភិបាល របស់ប្រទេសអាហ្វហ្កានិស្ថាន ហាក់ដូចជាធ្លាក់ដៃ ក្នុងការធ្វើសង្គ្រាម១ទល់នឹង១ ជាមួយពួកឧទ្ទាមតាលីបង់ ។

ដោយសារតែធ្លាក់ដៃ ឬបាក់ទឹកចិត្តក្នុងសមរភូមិ បណ្តាលអោយកង កម្លាំងរដ្ឋាភិបាល បានទទួលបរាជ័យ ជាលំដាប់ក្នុងសមរភូមិជាមួយពួកឧទ្ទាមតាលីបង់ ដែលនាំអោយពួកឧទ្ទាម កាន់កាប់ទឹកដីអាហ្វហ្កានិស្ថាន កាន់តែច្រើនរហូតដល់ ៨៥%នៅទូទាំងប្រទេស ។

លោក Zalmay Khalilzad តំណាងពិសេស របស់សហរដ្ឋអាមេរិក ទទួលបន្ទុក ការផ្សះផ្សារ អាហ្វហ្កានិស្ថាន បាននិយាយថា មូលហេតុដែលនាំអោយកង កម្លាំងរដ្ឋាភិបាលធ្លាក់ដៃ ក្នុងសង្គ្រាមជាមួយពួក ឧទ្ទាមតាលីបង់ គឺដោយសារកត្តា៣សំខាន់ ។

កត្តាទី១ សង្គ្រាមស៊ីវិលនៅប្រទេស អាហ្វហ្កានិស្ថាន បានឆាបឆេះអស់ រយៈពេលជាង២០ឆ្នាំហើយ គឺចាប់តាំងពីខែតុលា ឆ្នាំ២០០១កន្លងមក ដោយម្ខាងមាន កងកម្លាំងរដ្ឋាភិបាល សហការជាមួយកងទ័ពបរទេស មានកងទ័ពអាមេរិក និងកងទ័ពអង្គការណាតូ និងម្ខាងទៀត គឺពួកឧទ្ទាមតាលីបង់ ហើយភាគីជម្លោះទាំងពីរ បានចំណាយពេលជាង ២ទសវត្សរ៍ហើយ នៅមិនទាន់មានភាគីខាងណា ជាអ្នកឈ្នះនៅឡើយទេ ។

កងកម្លាំងរដ្ឋាភិបាល អាហ្វហ្កានិស្ថានធ្លាក់ដៃក្នុងសង្គ្រាម គឺដោយសារការរួមកម្លាំងគ្នា ទាំងកងកម្លាំងរដ្ឋាភិបាល ទាំងកងទ័ពបរទេស វាយប្រហារមិនឈ្នះ ពួកឧទ្ទាមតាលីបង់ផង ចុះទម្រាំកងទ័ពបរទេស ត្រូវបានដកចេញ ពីប្រទេសនេះ តើអាចឈ្នះពួកតាលីបង់ទេ ?

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ បានសម្រេចចិត្តដកកងទ័ព របស់ខ្លួនចេញពីប្រទេសអាហ្វហ្កានិស្ថាន ដោយទុកកងកម្លាំងតិចតួច នៅប្រទេសនេះ ដើម្បីបង្វឹកកងកម្លាំងរដ្ឋាភិបាល អោយធ្វើសង្គ្រាមជាមួយពួកឧទ្ទាមតាលីបង់ ដែលមិនអាចទៅរួច ។
នេះជាកត្តាសំខាន់ទី១ ដែលនាំអោយកងកម្លាំង រដ្ឋាភិបាល អាហ្វហ្កានិស្ថាន ធ្លាក់ដៃក្នុងសង្គ្រាម ជាមួយពួកឧទ្ទាមតាលីបង់ ដែលនាំអោយពួកឧទ្ទាម វាយដណ្តើមយកទីតាំងជាច្រើន បន្ថែមទៀត នៅទូទាំងប្រទេស និងបានកាន់កាប់រហូតដល់៨៥% ។
កត្តាទី២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អង្គការណាតូ មិនត្រឹមតែដកកងកម្លាំងយោធា របស់ខ្លួននោះទេ ថែមទាំងដកគ្រឿង យុទ្ធោបករណ៍សំខាន់ៗ មួយចំនួន ដូចជាយានដ្រូន យន្តហោះចម្បាំង និងគ្រឿងសព្វាវុធសំខាន់ៗផ្សេងទៀត ចេញពីអាហ្វហ្កានិស្ថាន ។

កងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន មានការគាំទ្រទាំងគ្រឿង យុទ្ធោបករណ៍ទំនើប ទាំងប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងសង្គ្រាម រួមទាំងកងទ័ពជំនាញបរទេស នៅតែវាយប្រហារ មិនបានជោគជ័យជាមួយ ពួកឧទ្ទាមតាលីបង់ផង ចុះទម្រាំសង្គ្រាម១ទល់នឹង១ ?

នេះជាមូលហេតុទី២ ដែលធ្វើអោយកងកម្លាំង រដ្ឋាភិបាលអាហ្វហ្កានិស្ថានធ្លាក់ដៃក្នុងសង្គ្រាម និងបាត់បង់ទឹកដី កាន់កាប់បន្តិចម្តងៗ រហូតដល់នៅសល់ទឹកដី គ្រប់គ្រងប្រមាណតែ១៥% នៅទូទាំងប្រទេស ដែលអាចឈានទៅរកការដួល រលំនៅពេលខាងមុខ ។
កត្តាទី៣ ពួកឧទ្ទាម តាលីបង់ មានក្រុមអ្នកប្រយុទ្ធ កាន់តែច្រើន តាមរយៈការកេណ្ឌប្រមូលប្រជាពលរដ្ឋ នៅតំបន់ដែលខ្លួន បានវាយប្រហារដណ្តើម យកបានពីរដ្ឋាភិបាល អោយចូលរួមកាន់អាវុធប្រយុទ្ធប្រឆាំង នឹងកងកម្លាំងរដ្ឋាភិបាលស្ទើរគ្រប់ទីកន្លែង ។

ពួកឧទ្ទាមតាលីបង់ មានអ្នកប្រយុទ្ធកាន់តែច្រើន មានចិត្តអង់អាចកាន់តែខ្លាំង ធ្វើអោយកងកម្លាំងរដ្ឋាភិបាល ទទួលបរាជ័យជាបន្តបន្ទាប់ ក្នុងសមរភូមិ និងគ្មានទឹកចិត្តក្នុងការប្រយុទ្ធ រហូតដល់កងកម្លាំងរដ្ឋាភិបាលមួយ ចំនួនបានចុះចូលជាមួយពួកឧទ្ទាម ។

លោក Zalmay Khalilzad កត្តាទាំង៣នេះហើយ ដែលជាមូលហេតុសំខាន់ នាំអោយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន បានទទួលបរាជ័យជាបន្តបន្ទាប់ ក្នុងសមរភូមិ និងបាត់បង់តំបន់កាន់កាប់កាន់ តែច្រើននៅទូទាំងប្រទេស ដែលមិនយូរប៉ុន្មាន រដ្ឋាភិបាលអាហ្វហ្កានិស្ថានក៏អាចត្រូវដួលរលំដែរ ហើយពួកឧទ្ទាមតាលីបង់នឹងឡើងគ្រប់គ្រងអំណាច ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយសង្គ្រាម នៅប្រទេសអាហ្វហ្កានិស្ថាន ឆាបឆេះឡើង គឺដោយសារសហរដ្ឋអាមេរិក បានវាយប្រហារ ផ្តួលរំលំរបប ដឹកនាំរបស់ប្រទេស អាហ្វហ្កានិស្ថាន កាលពីខែតុលា ឆ្នាំ២០០១ កន្លងទៅ ទើបរុញទម្លាក់ប្រទេសនេះអោយធ្លាក់ ក្នុងភ្លើងសង្គ្រាម ។
ដើមចមដែលនាំអោយ សហរដ្ឋអាមេរិកវាយប្រហារផ្តួលរំលំរដ្ឋាភិបាលតាលីបង់ អាហ្វហ្កានិស្ថាន គឺ ដោយសារអាមេរិក បានចោទប្រកាន់តាលីបង់ ពីបទលាក់បំពួនលោក អូសាម៉ា ប៊ីឡាដិន មេដឹកនាំកំពូលរបស់អង្គការ ភេរវកម្មពិភពលោក អាល់កៃដា ។

សូមរំលឹកជូនថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅ លោក អូសាម៉ា ប៊ីនឡាដិន បានរៀបចំវាយប្រហារ ភេរវកម្មទ្រង់ទ្រាយធំ​ លើសហរដ្ឋអាមេរិក ដោយបើកយន្តហោះបំបុក អគារពាណិជ្ជកម្មពិភពលោក បណ្តាលអោយមនុស្ស ជាង៣០០០នាក់បានបាត់បង់ជិវិត និងខូចខាតអគារពាណិជ្ជកម្មទាំងស្រុង ។

ក្រោយពីអំពើភេរវកម្មនេះ បានកើតឡើង សហរដ្ឋអាមេរិកបានតាមកម្ទេច អូសាម៉ា ប៊ីនឡាដិន ដែលមុនគេ អាមេរិកបានសង្ស័យថា អូសាម៉ា ប៊ីឡាដិន គឺកំពុងលាក់ខ្លួន នៅប្រទេសអាហ្វហ្កានិស្ថាន ប៉ុន្តែក្រោយពីវាយប្រហារផ្តួលរំលរបបដឹកនាំតាលីបង់ អាមេរិករកមិនឃើញអូសាម៉ា ប៊ីនឡាដិន នៅក្នុងប្រទេសនេះនោះទេ ។

ដោយស្វែង អូសាម៉ា ប៊ីឡាដិន មិនឃើញនៅអាហ្វហ្កានិស្ថាន សហរដ្ឋអាមេរិក បានវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់លោក សាដាម ហ៊ូសេន នៅប្រទេសអ៊ីរ៉ាក់ទៀត ក៏សហរដ្ឋអាមេរិក នៅតែរក អូសាម៉ា ប៊ីឡាដិន មិនឃើញ ។

សហរដ្ឋអាមេរិក បានតាមរក អូសាម៉ា ប៊ីនឡាដិន អស់រយៈពេលជាង១០ឆ្នាំ ទើបរកឃើញមេភេរវកររូបនេះ នៅប្រទេស ប៉ាគិស្ថាន កាលពីឆ្នាំ២០១១ កន្លងទៅ និងបានកម្ទេចមេភេរវកររូបនេះ ដោយបាញ់សម្លាប់ចោល និងយកសាកសពទៅបោះចោល ក្នុងសមុទ្រ ៕

ដោយ​ ៖ អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×