នយោបាយ

លោក មុត ចន្ថា ៖ លោក សម រង្ស៊ី ឲ្យត្រៀមបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ ដើរបញ្រ្ចាសទិស ឬខុសផ្លូវ នយោបាយ ពីលោក កឹម សុខា

ភ្នំពេញ ៖ “លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធស្នេហាជាតិ ត្រៀមខ្លួន ចូលរួមបង្កើត រដ្ឋាភិបាល បង្រួបបង្រួមជាតិ នៅកម្ពុជា ដូចរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅប្រទេសភូមា” ។ ប៉ុន្តែលោក មុត ចន្ថា មនុស្សជំនិត របស់លោក កឹម សុខា បានហៅការអំពាវនានេះ ដើរបញ្រ្ចាសទិស ឬខុសផ្លូវនយោបាយ ពីលោក កឹម សុខា ដែលជាប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងស្រុង ។

ចំពោះការអំពាវនាវ ពីសំណាក់ លោកសម រង្ស៊ីនេះដែរ ក៏លោក មុត ចន្ថា យល់ថា គ្រាន់តែមានចេតនា ធ្វើឡើងកុំឲ្យបាត់សំឡេង ឬកុំឲ្យគេបំភ្លេច វត្តមានចោលពី ឆាកនយោបាយកម្ពុជាប៉ុណ្ណោះ ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២០ កក្កដា នេះ លោក មុត ចន្ថា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការអំពាវនាវរបស់លោកសម រង្ស៉ី គឺដើរបញ្រ្ចាសទិស ឬផ្លូវនយោបាយពីលោក កឹម សុខាដែលជាប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងស្រុង ព្រោះលោក កឹម សុខា កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដែលលោកនៅតែមានឆន្ទៈនយោបាយសុចរិត និងពិតប្រាកដ ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ ជាមួយអ្នកដឹកនាំ និងអ្នកនយោបាយខ្មែរ តាមគោលការណ៍អហិង្សា និងសន្តិវិធី និងផ្លូវប្រជាធិបតេយ្យ។ ដំណោះស្រាយនយោបាយមិនកើតឡើងដោយអំពើហិង្សា ឬការប្រឈមមុខ ដាក់គ្នានោះទេ ។ ដូច្នេះ ខ្ញុំនៅតែជឿថា លោក កឹម សុខា នៅតែជាអ្នកដឹកនាំ នយោបាយម្នាក់ ដែលប្រាថ្នាចង់ឲ្យ អ្នកដឹកនាំ និងអ្នកនយោបាយខ្មែររួបរួមគ្នា”

លោកសង្ឃឹមថា រឿងក្តី របស់លោក កឹម សុខា ក៏នឹងបញ្ចប់ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ដើម្បីអ្នកដឹកនាំ និងអ្នកនយោបាយស្រឡាញ់ សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ធ្វើការរួមគ្នា ក្នុងនាមខ្មែរតែមួយ ។

ទន្ទឹងនឹងនេះលោកថា ស្ថានភាពនយោបាយ នៅភូមា និងកម្ពុជា ខុសគ្នាស្រឡះ។ ភាពខុសគ្នានោះ គឺយោធាភូមាបានដឹកនាំ ធ្វើរដ្ឋប្រហារដណ្តើម អំណាចពីរដ្ឋាភិបាលស៊ីវិល ដឹកនាំដោយគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy, NLD) ដែលមានលោកស្រី អោង សាន ស៊ូជី ជាប្រធាន និងជាក្រុមប្រឹក្សារដ្ឋផងដែរ។ ដោយឡែក អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ដោយតុលាការកំពូល ដោយហេតុផល នយោបាយ ដោយអនុលោម តាមច្បាប់វិសោធនកម្មនៃច្បាប់ ស្តីពីគណបក្សនយោបាយ ។ លោកថា គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ មិនមែន គណបក្សដឹកនាំរដ្ឋាភិបាល ដូចគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អោង សាន ស៊ូជី ឡើយ តែជាគណបក្សប្រឆាំង តែមួយនៅក្នុងរដ្ឋសភា ។

លោកបន្តថា ការអំពាវនាវ របស់លោកសម រង្ស៉ី ឲ្យពិចារណាពីលទ្ធភាពបង្កើត «រដ្ឋាភិបាលបង្រួបបង្រួមជាតិ» អាចជាអំពើខុសច្បាប់មួយ មិនស្របតាមបញ្ញត្តិរដ្ឋធម្មនុញ្ញ ដូចដែលគាត់ធ្លាប់បានបង្កើត ចលនាសង្រ្គោះជាតិនៅឆ្នាំ២០១៨ ដែលរាជរដ្ឋាភិបាល ចាត់ទុកជាក្រមឧទ្ទាមក្រៅច្បាប់។ ការអំពាវនាវនេះអាចក្លាយ ជាអន្ទាក់នយោបាយ ដាក់អតីតអ្នកនយោបាយ និងសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដូចគ្នានឹងចលនា សង្រ្គោះជាតិដូច្នោះដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top