ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ បន្ដពិនិត្យ​ ការរៀបចំខឿន ចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើង ក្នុងគម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាប

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា ហេដ្ឋារចនា សម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បច្ចេកទេស ចុះពិនិត្យការរៀបចំខឿន ចិញ្ចើមផ្លូវ សម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើង និងពិនិត្យគុណភាព នៃការចាក់បេតុងស្ពាន និងផ្លូវ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យការរៀបចំខឿន ចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើង ដើម្បីលើកកម្ពស់ សោភ័ណភាព សុវត្ថិភាពសងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យស្របតាមបទដ្ឋានបច្ចេកទេស សក្តិសមជាទីក្រុង ទេសចរណ៍សម័យទំនើប និងពិនិត្យ គុណភាព នៃការចាក់បេតុងស្ពាននិងផ្លូវ ដើម្បីធានាបានគុណភាពរឹងមាំ អាចប្រើប្រាស់ ជាប់បានយូរអង្វែង នៃគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិជាង ១៤៩ លានដុល្លារ ក្នុងនោះ ៩លានដុល្លារ ចំណាយលើការងារ ចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោង សាងសង់ខ្សែផ្លូវ ទាំង៣៨នេះ ។ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២១ ក្រោយបើកការដ្ឋាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយ ក្រុងសៀមរាប ខេត្តសៀមរាប ឲ្យក្លាយជាទីក្រុង ដ៏ទំនើបពោរពេញ ដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឲ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ៕

To Top