ព័ត៌មានជាតិ

បើកដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ក្នុងខេត្តសៀមរាប

ភ្នំពេញ ៖ លោកទេសរដ្ឋមន្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបើកឲ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងនៅផ្សារទំនើប ហេរីថោក វ៉ក ខេត្តសៀមរាប ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ។

នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួង តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងទំនើបកម្ម នៃការផ្តល់សេវារដ្ឋបាលឲ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ ។

មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់នីតិវិធី ស្មុគស្មាញ បង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឲ្យកាន់តែមានភាពប្រសើរឡើង។

តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ប្រជាពលរដ្ឋអាចមកទទួលសេវាប្ដូរបណ្ណបើកបរយានយន្ត ចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ(ឆៀក) ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារ ទំនើប ហេរីថោក វ៉ក (The Heritage Walk) ដែលមានអាសយដ្ឋានអាគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ស៊ុន ចាន់ថុល លើកឡើងថា «បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្ដូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថោក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឲ្យដំណើរការនេះតទៅ។ តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និង គណនេយ្យភាព»។

ឆ្លៀតឱកាសនោះដែរ លោក ទៀ សីហា ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាដោយផ្ទាល់នៅផ្សារទំនើប ហេរីថោក វ៉ក និងអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ពុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) នាំឲ្យខាតបង់ថវិកាច្រើន ។ លោកក៏បានស្នលមន្ត្រីបំរើសេវា ត្រូវធ្វើជាមន្ត្រីបំរើរាស្ត្រ ដោយស្មោះត្រង់ ផ្តល់សេវាឲ្យលឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ ៕

To Top