Covid-19

សម្ដេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង​ ជំនួយជប៉ុន នៅថ្ងៃ២៣ កក្កដា (Video)

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ជូនកម្ពុជា។ នេះបើយោងតាមការចេញផ្សាយ ទស្សន៍ជាតិកម្ពុជា ។

ការអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះ នាថ្ងៃទី២៣ កក្កដា របស់សម្តេចតេជោ គឺជាការអញ្ជើញទទួលវ៉ាក់សាំង ប្រទេសជាមិត្ត លើកទី២ហើយ។ ដោយលើកទី១ កាលពីថ្ងៃទី៧ កុម្ភៈ សម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំង ជាជំនួយរបស់រដ្ឋាភិបាល ចំនួន៦០ម៉ឺនដូស។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ កក្កដា រដ្ឋាភិបាលជប៉ុន បានប្រកាស ផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១លានដូសដល់កម្ពុជា ។ ជំនួយនេះធ្វើឡើង ស្របតាមចំណងមិត្តភាព រវាងជប៉ុន-កម្ពុជា និងដោយផ្អែកលើ ស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

វ៉ាក់សាំង ដែលត្រូវបានផ្ដល់អាជ្ញាបណ្ណ ផលិតក្នុងប្រទេសជប៉ុន នឹងត្រូវដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញ នៅថ្ងៃ ២៣ កក្កដា ក្រោយពេលរៀបចំភ័ស្តុភារ ដោយ COVAX Facility បានបញ្ចប់។ ជំនួយនេះនឹងជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយ ការព្រួយបារម្មណ៍មួយចំនួន របស់ប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុប ប្រមាណជាង៥០លានដុល្លារ ដល់កម្ពុជាដែលរួមមាន ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោង របស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ឲ្យបានត្រឹមត្រូវផងដែរ ៕

To Top