ព័ត៌មានជាតិ

អាមេរិក មានផែនការ កសាងជញ្ជាំង ប៊ែកឡាំង នៅសមុទ្រចិនខាងត្បូង តែចិនមិនព្រម (Video)

ភ្នំពេញ ៖ “សហរដ្ឋអាមេរិក មានផែនការកសាងជញ្ជាំងប៊ែកឡាំង នៅសមុទ្រចិនខាងត្បូង ប៉ុន្តែចិននឹងមិនអនុញ្ញាតដាច់ខាត រួមទាំងកោះតែវ៉ាន់ ទោះត្រូវខាតបង់ប៉ុណ្ណាក៏ដោយ” ។ នេះបើតាមការលើកឡើង របស់លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននាថ្ងៃ២១ កក្កដា។

លោកបន្តថា អាមេរិក និងក្រុមរបស់គេនៅពេលនេះ មិនអាចកកូរពិភពលោក ដូចក្រោយសម័យកាលសង្រ្គាមលោកលើកទី២ ក្រោមផែនការ ម៉ាកសាល បានឡើយ ។

លោកថា ចំពោះចិន និងបណ្តាប្រទេសក្រីក្រ ដែលធ្លាប់រស់នៅក្រោមអាណានិគម នឹងងើបឡើងប្រយុទ្ធតតាំង មិនអនុញ្ញាតឲ្យអាមេរិក និងសម្ព័ន្ធមិត្តគេ ធ្វើអ្វីស្រេចចិត្តតទៅទៀតបានទេ ។

លោកបន្ថែមថា សម័យកាលអាណានិគម និងការឈ្លានពាន នឹងត្រូវតែបញ្ចប់ តួយ៉ាងដូចកម្ពុជា ត្រូវបានគេជិះជាន់ កាត់ដីយកដីស្រេចតែចិត្ត រាប់សតវត្សរ៍មកហើយ តែពេលនេះ ពួកអ្នកឯង មិនអាចឡើយ ហើយត្រូវតែហ៊ានការពារ ។ លោកសង្កត់ធ្ងន់ថា ២៩ ធ្នូ ១៩៩៨ បានធ្វើឲ្យបរទេសជិតឆ្ងាយ (សៀម យួន) សាបរលាប លែងមានឥទ្ធិពលលើខ្មែរ ។

ការលើកឡើងរបស់លោក សយ សុភាពនេះ ក្រោយលេខាធិការព័ត៌មាន មន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសកាលពីថ្ងៃ១៩ កក្កដា ថា រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin នឹងធ្វើទស្សនកិច្ចប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន ចាប់ពីចុងសប្ដាហ៍នេះទៅ ។ នេះជាដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ដំបូង ធ្វើឡើងដោយសមាជិកជាន់ខ្ពស់ នៃរដ្ឋបាលលោក បៃដិន ។

ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញឲ្យឃើញនូវការប្តេជ្ញា ដ៏រឹងមាំយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ ក្នុងការរក្សា បទបញ្ជាអន្តរជាតិ ផ្អែកលើក្រឹតក្រមច្បាប់នៅក្នុងតំបន់ និងលើកកម្ពស់អព្យាក្រឹតភាព របស់អាស៊ាន ៕

To Top