Covid-19

ទូតគុយបាប្រចាំកម្ពុជា៖ គុយបារកឃើញ វ៉ាក់សាំងការពារ ជំងឺកូវីដ ប៉ុន្តែមានគេលាក់បាំង

ភ្នំពេញ៖ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំកម្ពុជា បានអះអាងថា ប្រទេសខ្លួន បានរកឃើញវ៉ាក់សាំង ការពារជំងឺកូវីដ ប៉ុន្តែមានគេលាក់បាំង ហើយបានធ្វើការបំផុស អោយមនុស្សមួយចំនួនធ្វើបាតុកម្ម ដោយយកលេសថា ប្រជាជនស្ថិតក្នុងភាពស្រេកឃ្លាន។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។

ក្នុងឱកាស អញ្ជើញចូលជួបសំដែង ការគួរសម និងពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) បានជម្រាបជូនពីស្ថានភាពមួយ ចំនួនក្នុងប្រទេសគុយបា ដោយមានគេកំពុង តែមូលបង្កាច់ពីសភាពការណ៏ពិត នៅក្នុងប្រទេស គុយបា ជាពិសេស ក្នុងតំណាក់កាល នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ប្រទេសគុយបា បានរកឃើញវ៉ាក់សាំង ការពារជំងឺកូវីដ មានចំនួន ៥មុខ ក្នុងនោះមានចំនួន ២មុខ បាននឹង កំពុងចាក់ជូនដល់ ប្រជាជនគុយបាទូទៅ ប៉ុន្តែមានគេលាក់បាំង ហើយបានធ្វើការបំផុស អោយមនុស្សមួយចំនួន ធ្វើបាតុកម្ម ដើម្បីបញ្ចប់ការដឹកនាំ របស់រដ្ឋាគុយបា នាពេលបច្ចុប្បន្ននេះ ដោយយកលេសថា ប្រជាជនស្ថិត ក្នុងភាពស្រេកឃ្លាន ។ ប៉ុន្តែ ក្រុមបាតុករទាំងនោះ បានទៅវាយកម្ទេច ហាងលក់ទំនិញ ជាច្រើនកន្លែង ដោយពិនិត្យឃើញថា អ្នកអត់ឃ្លានទាំង នោះ មិនមែនត្រឹមតែយកម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងបានយករបស់របរដូចជា ទូរទស្សន៏ រួមជាមួយគ្រឿង ប្រណិតផ្សេងៗជាច្រើនទៀត ដែលផ្ទុយពីការដែលគេចោទថា ដោយសារ ប្រជាជន ភាពអត់ឃ្លាន។

លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស បានជម្រាបជូនថា មានប្រជាជនគុយបា ជាច្រើនបានងើបឡើង ធ្វើការប្រឆាំងតបត ទៅនិងក្រុមដែលបានធ្វើការមូលបង្កា ច់ដោយ ឥតអៀនខ្មាស់ទាំងនោះ ។ ដូច្នេះហើយលោកស្រី ឯកអគ្គរដ្ឋទូត ចង់អោយប្រជាជនកម្ពុជា និងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន នៅកម្ពុជា បានយល់ដឹងច្បាស់លាស់ ពីស្ថានភាពពិត នៅក្នុងប្រទសគុយបា ។

ផ្ទាំងពាណិជ្ជកម្ម

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ជម្រាបជូន លោកស្រី ឯកអគ្គរដ្ឋទូត គុយបា ដែរថា ប្រទេសកម្ពុជា ក៏ធ្លាប់បានជួបបញ្ហា ដូចនេះដែរ ពិសេសមានការហ៊ុព័ទ្ធ សេដ្ឋកិច្ច ក្រោយពេលមានការផ្តួលរំលំ របបខ្មែរក្រហម ប៉ុលពត ដែលជាប្រការមួយដ៏លំបាក ក្នុង ការអភិវឌ្ឍប្រទេស។ ប៉ុន្តែនៅពេលដែលមានអ្នក មិនយល់ គេចោទថា ដោយសាររដ្ឋាភិបាល តែការពិត នៅពេលដែលមានការរាំងខ្ទុប មិនអោយប្រទេសមួយ មានទំនាក់ទំនង ជាប្រក្រតីផ្នែកពាណិជ្ជកម្ម និងការផ្លាស់ទំនិញផ្សេងៗ ជាមួយប្រទេសផ្សេងៗទៀតនោះ គឺជាមូលហេតុធំ សម្រាប់ដំណើរការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសគុយបា គឺធ្លាប់ត្រូវបានគេ ហ៊ុព័ទ្ធសេដ្ឋកិច្ចអស់រយះពេល ៦០ ឆ្នាំ ដែលធ្វើអោយដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិ ជួបការលំបាក។

ឆ្លៀតក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានសំដែងការអរគុណ ចំពោះប្រទេសគុយបា ដែលនៅក្នុងដំណាក់កាល ប្រទេសកម្ពុជា បានរំដោះរួចផុត ពីរបបខ្មែរក្រហម ក្នុងគ្រាដ៏លំបាក តែប្រទេសគុយបា ផ្តល់ជំនួយមកដល់ប្រទេស កម្ពុជា ជាពិសេសបានបញ្ជូនក្រុមគ្រូពេទ្យ គុយបា ដែលមានភាពល្បីល្បាញនៅទូទាំងទ្វីប អាមេរិកឡាទីន មកជួយពិនិត្យព្យាបាលជូនប្រជាជនកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ដែល ជាផ្នែកមួយដ៏សំខាន់ ក្នុងការស្ថារសុខមាលភាព របស់ប្រជាជនកម្ពុជាឡើងវិញ កាលនៅក្នុង ដំណាក់លំបាក ខ្វះខាតនោះ។

លោករដ្ឋមន្រ្តី បានស្នើដល់លោកស្រី ឯកអគ្គរដ្ឋទូត គុយបា នៅពេលឯកសារផ្សេងៗ ដែលអាចបញ្ជូនមកក្រសួងព័ត៌មានកម្ពុជា នឹងជួយផ្សព្វផ្សាយ បន្តនូវរាល់កិច្ចការងារទាំងនេះជូន ដល់សាធារណជន បានដឹងពីប្រទេសគុយបា កាន់តែច្បាស់បន្ថែមទៀត៕

To Top
×