ព័ត៌មានជាតិ

ទូតវៀតណាម៖ កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំ

ភ្នំពេញ៖ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់លោក ហើយលោកបានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាង ប្រទេសទាំងពីរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក វូ ក្វាង មិញ បានឱ្យដឹងថា ក្នុងនាមជាឯកអគ្គរដ្ឋ ទូតកន្លងមក គឺជារយៈពេលដ៏ល្អប្រសើរបំផុត មិនអាចបំភ្លេចបាន សម្រាប់បុព្វហេតុការទូត ក៏ដូចជា ដំណើរជីវិតរបស់ លោក។

លោក បានថ្លែងថា «ប្រទេសកម្ពុជា បានក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំបាទ ហើយទោះបីនៅទីកន្លែងណា ក៏ដោយ ឬបំពេញការងារអ្វីក៏ដោយនាពេលខាងមុខនេះ ខ្ញុំបាទនឹងបន្តចូលរួមចំណែក ដ៏តូចតាចរបស់ខ្ញុំបាទ ដើម្បីពង្រឹងពង្រីកនូវចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាព ជាអ្នកជិតខាងដ៏ល្អរវាងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា»។

លោក ក៏បានបានអរព្រះគុណ ដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រាជវង្សានុវង្ស និងអរគុណដល់មេដឹកនាំកម្ពុជា រួមទាំងមន្រ្តីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលគាំទ្រ លើកទឹកចិត្ត និង ផ្តល់កិច្ចសហការ ដើម្បីជួយឲ្យលោកបំពេញការងារបានល្អ។ ជាងនេះទៅទៀត ទូតផុតអាណត្តិវៀតណាម បានហៅកម្ពុជាថា «ជាទឹកដីដ៏ស្រស់ស្អាត» ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top