ព័ត៌មានជាតិ

ក្រសួងសាធារណការ ឲ្យក្រុមហ៊ុន សាងសង់ផ្លូវជាតិលេខ៣ កែសម្រួល និងបំពេញបន្ថែម មុនឲ្យពលរដ្ឋប្រើប្រាស់ បណ្ដោះអាសន្ន

ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ដែលសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ត្រូវកែសម្រួល និងបំពេញបន្ថែម ចំណុចខ្វះខាត មុនប្រគល់-ទទួល និងដាក់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់បណ្តោះអាសន្ន។

ក្នុងឱកាសចុះពិនិត្យការងារ បច្ចេកទេសសាងសង់ កំណាត់ផ្លូវជាតិលេខ៣ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ខាន់ ម៉ាណេរ បានបញ្ជាក់ថា «ក្រុមហ៊ុនសាងសង់ត្រូវ កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាត ដែលនៅសេសសល់ មួយចំនួនតូច មុននឹងធ្វើការប្រគល់-ទទួល រវាងក្រសួង និងក្រុមហ៊ុនសាងសង់» ។

លោករដ្ឋលេខាធិការ ក៏បានសំណូមពរពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិគង់វង្ស ដើម្បីអាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកា មកសាងសង់ដោយលំបាក ។

លោកបានទទូចថា «សូមកុំប្រថុយ ប្រថានដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបង្កឲ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿន កំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិមាតុភូមិ របស់យើងឱ្យកាន់តែរីកចម្រើន»។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ៕

To Top