ព័ត៌មានជាតិ

ធនាគារជាតិ៖ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ បន្ដមានភាពធន ប្រកបដោយនិរន្ដរភាព (Video)

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពធន និងផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ទោះបីប្រទេសកម្ពុជាជួបបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនគារជាតិនៃកម្ពុជា។

ក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ជា ចាន់តូ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពល ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ដែលធ្វើឲ្យប៉ះពាល់ ដល់វិស័យចម្បងៗដូចជា ៖ វិស័យទេសចរណ៍, កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។ លោកថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការបង្កើន ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។

លោកបន្ដថា ជាក់ស្ដែង អាត្រាប្ដរប្រាក់បន្ដមានស្ថិរភាពក្នុងរង្វង់ ៤.០៨៥រៀល ក្នុង១ដុល្លារអាមេរិក និងបានរួមចំណែក យ៉ាងសំខាន់ដល់ការរក្សាអតិផរណា មានកម្រិតទាបអាចគ្រប់គ្រងបាន ២,៥%។ ទទ្ទឹមនេះ ទុកបម្រុងអន្ដរជាតិបន្ដស្ថិតក្នុ ងកម្រិតខ្ពស់ ២០,៨ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបបន្ទាប់បានប្រមាណ ជាង១០ខែ និងបានពង្រឹងជំនឿទុកចិត្តរបស់ សាធារណជនមកលើកប្រាក់រៀល ផងដែរ។

លោក,បញ្ជាក់ថា «ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%, ឥណទានអតិថិជនមានកំណើន២៣,៤%, និងប្រាក់បញ្ញើអតិថិជនកើន២០,៧%។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ»។

លោក បន្ថែមថា ទន្ទឹមនេះអនុបាតឥណទាន មិនដំណើរការមានកម្រិតទាប២.៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។ លើសពីនេះ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំ ឥណទានឡើងវិញចំនួន ៣៦៧.២៣៩ គណនី ស្មើនឹង២២,២ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)។ ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជា បានពង្រឹងការអភិវឌ្ឍប្រព័ន្ធទូទាត់ ផ្អែកលើបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗដូចជា ការទូទាត់ដោយប្រើ QR កូត ការផ្ទេរប្រាក់ និងការទូទាត់តាមទូរស័ព្ទដៃ ជាដើម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×