ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្ដីបែលហ្ស៊ិក ក្នុងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ បណ្ដាលឲ្យពលរដ្ឋស្លាប់ និងបាត់ខ្លួនជាច្រើននាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនលោក Alexander De CROO នាយករដ្ឋមន្រ្ដីនៃប្រទេសបែលហ្ស៊ីក ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគអាគ្នេយ៍ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាង ២០នាក់ និងបាត់ខ្លួនជាច្រើននាក់ ។

តាមរយៈសារលិខិតរំលែកទុក្ខ កាលពីថ្ងៃទី២១ កក្កដា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំពិតជាមានសេចក្ដី ក្រៀមក្រំជាពន់ពេក នៅពេលបានទទួលដំណឹងអាក្រក់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អំពីគញរោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគអាគ្នេយ៍នៃប្រទេសបែលហ្ស៊ិក ដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាង ២០នាក់ មានមនុស្សបាត់ខ្លួនជាច្រើននាក់ ហើយអ្នកត្រូវបានជម្លៀសរាប់ម៉ឺននាក់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ» ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះលោកនាយករដ្ឋមន្រ្ដីបែលហ្ស៊ីក ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ និងជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយ ៕

To Top