Covid-19

អាមេរិក និងអឺរ៉ុប សុទ្ធតែមានពលរដ្ឋស្លាប់ដោយជំងឺកូវីដ១៩ ទោះចាក់វ៉ាក់សាំងរួចតែបែរ ជាអួតវ៉ាក់សាំងខ្លាំង (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ករណីចាក់វ៉ាក់សាំង ២ដូសហើយ នៅតែឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មិនមែនមានតែកម្ពុជាទេ សូម្បីអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុប ក៏មានករណីដូចគ្នា ហើយសុទ្ធតែអួតថា វ៉ាក់សាំងរបស់ខ្លួនខ្លាំងៗទៀត។

ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេច​តេជោ​ហ៊ុន​សែន​បានថ្លែងថា «ករណីចាក់វ៉ាក់សាំង២ដូសហើយនៅ តែឆ្លង (ឆ្លងជំងឺកូវីដ) ហើយនៅតែស្លាប់ មិនមែនមានតែករណីនៅកម្ពុជាទេ សូម្បីតែនៅសហរដ្ឋអាមេរិក នៅអង់គ្លេស និងនៅប្រទេសក្នុងអឺរ៉ុប គឺមានករណីដូចគ្នា សុទ្ធតែវ៉ាក់សាំងអួតថា ខ្លាំងៗ»។

សម្ដេចតេជោ បន្ដថា ទោះបី ប្រជាពលរដ្ឋទទួលវ៉ាក់សាំង ឬមិនទាន់ទទួលវ៉ាក់សាំង ការការពារតាមវិធានការសុខាភិបាល ៣កុំ និង៣ការពារ គឺនៅតែបន្ដអនុវត្តជានិច្ច ដែលជាវិធានការល្អបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
សម្ដេច សង្ឃឹមថា ឪពុក-ម្ដាយ ចាក់វ៉ាក់សាំងរួចហើយគ្មានបញ្ហា នឹងនាំកូនមានអាយុ១២ឆ្នាំ ដល់១៧ ឆ្នាំ ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំនៅក្នុងផ្ទះ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧១,២៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៦៣,៤៧៤នាក់ និងអ្នកស្លាប់ ចំនួន ១២២២នាក់៕

To Top