ព័ត៌មានជាតិ

ចាប់តាំងរីករាលដាល​ ជំងឺកូវីដ-១៩ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើន (Video)

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ជំងឺកូវីដ-១៩ រីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើនដដែល។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។

ក្នុងវេទិកា​ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា ថ្មីៗនេះ លោក Wang Wentian បានថ្លែងថា «ចិន និងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានសុខុមាលភាពល្អ និងមានស្ថិរភាពយូរមកហើយ។ ចាប់តាំងពីឆ្នាំ២០២០ ជំងឺវីរុសកូវីដ-១៩ បានរីករាលដាល ទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិន និងកម្ពុជា នៅតែមានកំណើនដដែល»។

លោក បន្ដថា សមិទ្ធផល​ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលទទួលបាន នាពេលបច្ចុប្បន្ននេះ គឺដោយសារតែ ប្រទេសទាំងពីរ មានការជឿទុកចិត្តគ្នា ទៅវិញទៅមក មានគំនិតកិច្ចសហប្រតិបត្តិការ គោរពគ្នាទៅវិញទៅមក ទទួលបានអត្ថប្រយោជន៍ ជោគជ័យរួម និងព្រមទាំងការពង្រីក ឥតឈប់ឈរ ដោយផ្អែកលើមូលដ្ឋាន នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ជួយបំពេញឱ្យគ្នា ទៅវិញទៅមកកម្រិតខ្ពស់។

លោក បន្ថែមថា បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុង ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការអភិវឌ្ឍន៍ ភាគីទាំងពីរ ត្រូវពង្រឹងការផ្ទៀងផ្ទាត់ យុទ្ធសាស្ត្រថែមមួយកម្រិតទៀត ប្រើប្រាស់ឱ្យបានល្អ នូវផលប្រយោជន៍ គោលនយោបាយ ដើរតួនាទីលក្ខណៈពិសេស ក្នុងការបំពេញចន្លោះឱ្យគ្នា ទៅវិញទៅមក អនុវត្តគម្រោង កិច្ចសហប្រតិបត្តិការសំខាន់ៗ។

លោកទូត សង្ឃឹមថា ភាគីទាំងពីរ នឹងបន្តខិតខំប្រឹងប្រែង ជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងកម្ពុជា កាន់តែស៊ីជម្រៅ ដើម្បីផ្តល់អត្ថប្រយោជន៍ រឹតតែច្រើនសម្រាប់ប្រជាជន ប្រទេសទាំងពីរ និងបំពេញតួនាទី សម្រាប់បេសកកម្មអភិវឌ្ឍ ប្រកបដោយស្ថិរភាព នៅក្នុងតំបន់អាស៊ី និងលើពិភពលោក។

លោក Zheng Qingdong ប្រធាននិងជានិពន្ធនាយក នៃសារព័ត៌មាន China Economic Daily បានលើកឡើងថា សមិទ្ធផលកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងកម្ពុជា ទទួលបានយ៉ាងច្រើនអនេក គួរឱ្យកត់សម្គាល់ គម្រោងសំខាន់ៗ ជាច្រើនត្រូវបានអនុវត្ត។ ស្ថិតក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តែងបោះជំហាន ទៅមុខយ៉ាងរលូន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ត្រូវបានចុះហត្ថលេខា កាលពីខែតុលា ឆ្នាំ២០២០ នេះបានបង្ហាញឱ្យឃើញ ពីភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃភាគីទាំងពីរ កិច្ចកសាងសហគមន៍វាសនារួមគ្នា និងកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់​និងផ្លូវ ​បានឈានដល់ ដំណាក់កាលថ្មីមួយទៀត។

ដោយឡែក លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានAVI បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងកូវីដ ជាច្រើនដល់កម្ពុជា បានជួយពន្លឿនការអនុវត្ត គោលដៅចាក់វ៉ាក់សាំង ការពារវីរុសកូវីដ។ នេះបានបង្ហាញកាន់តែច្បាស់ អំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងកម្ពុជានិងចិន ក្នុងពេលដ៏ចាំបាច់។ ភាគីទាំងពីរ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទាំងពីរប្រទេស និងខិតខំរួមគ្នា ដើម្បីជៀសផុតពីផលប៉ះពាល់ នៃជំងឺវីរុសមួយនេះ ឱ្យបានឆាប់រហ័ស៕

To Top