ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត បណ្ដុះបណ្ដាលពលរដ្ឋ ឲ្យយល់ដឹងគ្រោះ ថ្នាក់ជំងឺកូវីដ-១៩ និងរៀនរស់ ជាបណ្ដើរៗ ជាមួយជំងឺនេះ

ភ្នំពេញ ៖ លោម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គបក) បានប្រាប់អភិបាល រាជធានី-ខេត្ត បើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីគ្រោះថ្នាក់ នៃវីរុសកូវីដ-១៩ ដែលនៅតែមាន បន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅ ជាបណ្ដើរៗ ជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មី ឲ្យបានត្រឹមត្រូវ ។

យោងតាមលិខិត របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លង រីករាលដាលទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដែលនឹងបង្កជាមហន្តរាយធំ ដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិត ប្រជាជន រួមទាំងផលវិបាកសង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ។

លោកបន្ដថា ជាពិសេសការមកដល់ នៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលមានសមត្ថភាពឆ្លងរីករាល ដាលលឿនជាងមុន និងបង្ករជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាងមុនដែលទាមទារ ឲ្យមានការប្រឹងប្រែងខ្លាំងបំផុត ក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុង សហគមន៍នូវវីរុសកូវីដ-១៩ ប្រភេទដែលតា។

លោកបញ្ជាក់ថា «ដូច្នេះដើម្បីទាក់ទាញ ប្រជាពលរដ្ឋឲ្យបង្កើន ការយកចិត្តទុកដាក់ ខ្ពស់ឡើងវិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការ សុវត្ថិភាពផ្នែក សុខាភិបាល ជាពិសេសវិធាន ៣ការពារ និង៣កុំ ការបើក យុទ្ធនាការទូទាំងប្រទេស ដើម្បីអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីគ្រោះថ្នាក់ នៃវីរុសកូវីដ-១៩ដែលនៅបន្តមានជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរ ឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្ដើរៗ ជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឲ្យបានត្រឹមត្រូវគឺជាសកម្មភាពយុទ្ធ សាស្ត្រដ៏សំខាន់បំផុត»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ចាត់ទុកការចូលរួមប្រកប ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យឯកជន ក្នុងការអនុវត្តន៍វិធានការបង្ការ និងការពារខ្លួន ពីមេរោគកូវីដ-១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

To Top