ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ភាសាចិន កំពុងមានតម្រូវការខ្ពស់ ទាំងនៅកម្ពុជា និងក្រៅប្រទេស (Video)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ភាសាចិន កំពុងមានតម្រូវការខ្ពស់ ទាំងទីផ្សារការងារក្រៅប្រទេស និងនៅកម្ពុជា ហើយភាសាចិន កំពុងមានឥទ្ធពល ដូចភាសាអង់គ្លេសដែរ។

ក្នុងពិធីបិទកម្មវិធី «វោហារឆ្នើម» ខេត្តបាត់ដំបង ដោយការប្រកួតប្រជែង និយាយភាសា អង់គ្លេស ជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom សម្ដេច ស ខេង បានថ្លែងថា រាជរដ្ឋាភិបាល កម្ពុជា យកចិត្តទុកដាក់លើក កម្ពស់ការអប់រំ នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ។ ជាមួយគ្នានេះ ក៏ដាក់ចេញគោល នយោបាយជាតិ ស្ដីពីការអប់រំមួយជីវិត ដែលក្លាយជាប្រធានបទ ដ៏សំខាន់នៅកម្ពុជា។

សម្ដេចបន្ដថា ការរៀនភាសា អង់គ្លេស ឬភាសាបរទេស និងការបង្កើតកម្មវិធី ប្រកួតប្រជែង ដូចកម្មវិធី វោហាឆ្នើមនេះ មិនមែនជាការផ្ដល់តម្លៃ​ ដល់ភាសាបរទេស ហើយមើលរំលង ភាសាជាតិនោះទេ។

សម្ដេចថា «ភាសាខ្មែរយើងកើតមក គឺចេះហើយ បញ្ហាគឺចេះតែនិយាយ តែមិនចេះអាន និងចេះសរសេរ ដែលយើងមានការអប់រំបណ្ដុះបណ្ដាលហើយ មានន័យថា បន្ទាប់ពីភាសាកំណើត ការចេះភាសាបរទេសកាន់តែច្រើនកាន់តែល្អ ទោះជាភាសាបរទេសនោះ ជាភាសាប្រទេសសត្រូវរបស់យើងក៏ដោយ សំខាន់គឺភាសាបរទេសដែលប្រើជាអន្តរជាតិ និងចេះប្រើភាសាប្រទេស ជិតខាង»។

សម្ដេច ក៏បានឲ្យពិនិត្យលទ្ធភាព រៀបចំបើកការប្រកួតកម្មវិធី វោហារឆ្នើម លើភាសាចិនមួយទៀត ដោយ សម្ដេច បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន ភាសាបរទេស ដែលមានមនុស្សជាតិប្រើប្រាស់ច្រើនជាងគេ និងកំពុងមានឥទ្ធពល ដូចភាសាអង់គ្លេសដែរនោះ គឺភាសាចិន ហើយថាភាសាចិន នេះក៏កំពុងមានតម្រូវការខ្ពស់ទាំងទីផ្សារការងារក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាតែម្ដង»។

សូមបញ្ជាក់ថា កម្មវិធី «វោហារឆ្នើម» ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ជ័យលាភីលេខ១ វិញ្ញាសារឯកបុគ្គលបានទៅលើបេក្ខនារី San Nika Marie លេខ២ បានទៅលើបេក្ខនារី Heang Kemhouy។ ចំណែកម្ចាស់ជ័យលាភីលេខ១ វិញ្ញាសារជជែកជាក្រុមបានទៅលើក្រុមបេក្ខជន Seng Maomeng បេក្ខនារី Mony Marida បេក្ខនារី Pov Viriya និងលេខ២ បានទៅលើក្រុមបេក្ខនារី Chhor Youkheng បេក្ខនារី Pa Sopheavoleak និងបេក្ខនារី Lim Kunthea ៕

To Top