ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំ ពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីកំពង់ផែ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីកំពង់ផែ ដោយមានការចូលរួម ដោយផ្ទាល់ និង តាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ ។

ឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ពីភាព ចាំបាច់ នៃច្បាប់ស្តី ពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រង កំពង់ផែ ដើម្បីធានាដល់ការ អភិវឌ្ឍន៍ វិស័យកំពង់ផែ ប្រកបដោយចីរភាព និង ធានា ឱ្យបានកាន់ តែប្រសើរនូវប្រសិទ្ធភាព និងសមត្ថភាពកំពង់ផែ ដែលអាចផ្ដល់សេវា ដល់អ្នកប្រើ ប្រាស់ប្រកប ដោយទំនុកចិត្ត មានភាពងាយ ស្រួល ឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខ និងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរ ចូលរួមចំណែក ការពារបរិស្ថាន ដើម្បីមានសមត្ថភាពប្រកួតប្រជែង ជាមួយកំពង់ផែនៅក្នុងតំបន់ និងអន្តរជាតិ ។

លោក ក៏បានជំរុញ ឱ្យក្រុមការងារជំនាញពាក់ព័ន្ធ ចូលរួមផ្តល់ធាតុចូល គំនិត មតិយោបល់ ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាត នៃសេចក្តីព្រាងច្បាប់នេះ និងបានណែនាំឱ្យក្រុមការងារ ខិតខំពន្លឿនការរៀបចំសេចក្តី ព្រាងច្បាប់នេះ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួង នាពេលខាងមុខ។

អង្គប្រជុំបានពិភាក្សា កែសម្រួលលើមាត្រា១ វាក្យសព្ទ មាត្រា៨ និងមាត្រា៩ និងបានឯកភាពលើ ខ្លឹមសារ នៃគោលបំណងរបស់ច្បាប់នេះថា «ច្បាប់នេះមានគោលបំណង គ្រប់គ្រងនិងអភិវឌ្ឍកំពង់ផែ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់ ផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើសេវាកំពង់ផែ ផ្ដល់កាលានុវត្តភាពវិនិយោគ កំពង់ផែ និងប្រកួតប្រជែង ប្រកបដោយសមធម៌ ធានាសុវត្ថិភាពសន្តិសុខ កំពង់ផែ រួមចំណែកការពារបរិស្ថាន ដើម្បីបម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

គួរកត់សម្គាល់ថា នៅកម្ពុជាកំពង់ផែ ទន្លេមានសរុបទាំងអស់ ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧ ។ មុខងារកំពង់ផែទាំងនោះត្រូវ បានបែងចែកចេញជាកំពង់ផែ ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និង ត្រូវបានគ្រប់គ្រង ដោយរដ្ឋផង និងឯកជនផង ។ កំពង់ផែទាំងនោះ មានតួនាទីជំរុញសកម្មភាព ពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ ៕

To Top