ព័ត៌មានជាតិ

គ្រឿងញៀន ជាង១០០គីឡូក្រាម ដែលបង្រ្កាបបាន ក្នុងខេត្តចំនួន៨ ត្រូវដុតបំផ្លាញចោល

ភ្នំពេញ៖ គ្រឿងញៀន ប្រមាណជាង ១៣៤គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៨ ត្រូវបានអាជ្ញាធរ ដុតបំផ្លាញចោល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ដេីម្បីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការដុតបំផ្លាញគ្រឿងញៀន ដ៏ច្រើនសន្ធឹកនេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន លោក ជៀម ច័ន្ទ សោភ័ណ ប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ និងលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលា ឧទ្ធរណ៍ត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញ ចូលរួមពីស្ថាប័នតុលាការ និងប្រធាន -តំណាងលេខាធិការដ្ឋាន គណ:គណកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តទាំង៨ ។

ក្នុងឱកាសនោះ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងត្បូងឃ្មុំ បានថ្លែងថា គ្រឿងញៀនប្រមាណជាង១៣៤គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៨ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។

លោកបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាព ដែលបង្ហាញឲ្យ សារធារណជនទូទៅ បានឃើញ ថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យ មានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោល នាឱកាសប្រារព្វទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី២៧ ខែកក្កដា នេះដោយសារបញ្ហា ជំងឺកូវីដ១៩ ។

លោកឡុង ហុកម៉េង បានបន្ថែមថា បរិមាណគ្រឿងញៀន ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើសមត្ថកិច្ច យើងបង្រ្កាបមិនទាន់ពេលវេលាទេ វានឹងពង្វក់ស្មារតី អូសទាញ ដល់ប្រជាពលរដ្ឋ ស្លូតត្រង់ ពិសេសយុវជនឱ្យប្រើប្រាស់ ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀន បានសរុបជាង ៨៥០គីឡូក្រាម ៕

To Top