នយោបាយ

គ ប ម ស្នើសមាជិក និងអ្នកគាំទ្រកុំជេរប្រមាដ លាបពណ៌ អ្នកបង្កើតបក្សថ្មីៗ ខណៈខ្លួនធ្លាប់ជួបរឿងនេះ

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានស្នើដល់សមាជិក ក៏ដូចជាអ្នកគាំទ្រខ្លួន កុំជេរប្រមាថមាក់ងាយ ឬលាបពណ៌ដល់បណ្តាគណបក្សថ្មីៗ ដែលទើបបង្កើតឡើង ។

ក្នុងន័យនេះ គ ប ម ចង់លើកឡើងថា ព្រោះកន្លងមកកាលពីគ ប មបង្កើតមានគេលាបពណ៌ថា ជាបក្សអាយ៉ង ជាបន្លាយួន ជាបក្សលម្អសួនរបស់បក្សកាន់អំណាច។

បក្សថ្មីៗបង្កើតឡើង មកដល់ថ្ងៃ២៨ កក្កដា នេះ មាន៦គណបក្សហើយ ដែលភាគច្រើនចេញមកពីអតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ គ ប ម នៅថ្ងៃ២៨ កក្កដាបានឲ្យដឹងថា កាលបង្កើតបក្ស គេលាបពណ៌ថា ជាបក្សអាយ៉ង ជាបន្លាយួន ជាបក្សលម្អសួន ប៉ុន្តែឥឡូវមានអ្នកនយោបាយមកពី អតីតបក្សសង្គ្រោះជាតិបានបង្កើត និងបន្តបង្កើតបក្សថ្មីច្រើនទៀត។

ប្រភពបន្តថា គ ប ម មានគុណធម៌អត់ឱន និងគោរពគុណតម្លៃរបស់ខ្លួន ដោយមិនចោទនិងលាបពណ៌ អ្នកបង្កើតបក្សថ្មីសោះឡើយ ដោយគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងការធ្វើនយោបាយ រួមទាំងសិទ្ធិបង្កើតបក្សផងដែរ។

គ ប ម បញ្ជាក់ថា “យើងសូមអំពាវនាវដល់សមាជិក និងអ្នកគាំទ្រគ ប ម ទាំងអស់សូមកុំជេរ កុំចោទ និងកុំលាបពណ៌ អ្នកបង្កើតគណបក្សថ្មីទាំងឡាយ។ គេអាចនឹងបន្តជេរប្រមាថ និងលាបពណ៌មកលើយើង នោះជាអត្តចរិតរបស់គេ។ យើងជា គ ប ម ត្រូវផ្តល់គំរូល្អ ក្នុងការបង្កើតវប្បធម៌នយោបាយថ្មី សម្រាប់អ្នកជំនាន់ក្រោយនៅកម្ពុជា” ។

បន្ថែមពីលើអត្ថន័យរបស់គ ប ម នេះលោក សាម អ៊ីនដែលជាអ្នកនាំពាក្យបក្សនេះ បានសង្កត់ធ្ងន់ដែរថា “នេះជាវប្បធម៌នយោបាយថ្មី” ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ បានបង្កើតបក្សចំនួន៦ ហើយរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំ)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) ៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) និងគណបក្សកម្ពុជានិយម «ប.ក» (លោក យ៉ែម បុញ្ញឬទ្ធិ) ៕

To Top