ព័ត៌មានជាតិ

លោក សុខ ទូច ៖ កម្ពុជា-ចិន រឹតតែជំរុញទំនាក់ទំនង ដោយសារស្រឡាញ់គ្នាឥតងាករេ និងការពារគ្នាគ្រប់កាលៈទេសៈ (Video)

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានឲ្យដឹងថា កម្ពុជា-ចិន រឹតតែជំរុញទំនាក់ទំនងទ្វេភាគី ដោយសារភាពរីកចម្រើន និងរឹងមាំលើគ្រប់វិស័យ ជាពិសេសនោះ មានការយោគយល់គ្នា ស្រឡាញ់គ្នាឥតងាករេ និងចេះការ ពារគ្នាគ្រប់កាលៈទេសៈ ផងដែរ។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ទូច បានថ្លែងថា «ការរៀបចំវេទិកានា ឱកាសនេះ ពិតជាបានរួមចំណែក ក្នុងការជំរុញឲ្យស្មារតី នៃចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង តាមរយៈកិច្ចពិភាក្សារបស់អ្នកស្រាវជ្រាវ ក៏ដូចប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដែលរឹតតែជំរុញឲ្យទំនាក់ ទំនងទ្វេភាគីនៃប្រទេសទាំងពីរមានភាពរីកចម្រើន និងរឹងមាំលើគ្រប់វិស័យ និងមានសម្ទុះយ៉ាងលឿនឆ្ពោះទៅមុខ យ៉ាងលឿន ដែលបានផ្តល់នូវការរីកចម្រើន ការទុកចិត្តគ្នា សុខដុមនីយកម្ម ការសម្របសម្រួល ការយោគយល់គ្នា ការស្រឡាញ់គ្នាឥតងាករេ និងចេះការពារគ្នាគ្រប់កាលៈទេសៈ»។

លោកបន្ដថា ការរៀបចំវេទិកានេះ បានផ្តល់ឱកាសល្អ សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងអ្នកស្រាវជ្រាវ ចិនបានជួបពិភាក្សាគ្នា ដើម្បីលើកយកបញ្ហាប្រឈមនានាដែលមានពីមុន និងកំពុងមានមកបកស្រាយ និងស្វែងរកដំណោះស្រាយ ដើម្បីស្វែងរកធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពានតភ្ជាប់រវាងប្រជាជនកម្ពុជា និងប្រជាជនចិន និងបើកបេះដូងប្រជាជននៃប្រទេសទាំងពីរ ឲ្យមានភាពជិតស្និទជាមួយគ្នា និងចេះស្រឡាញ់គ្នា ផងដែរ។

លោក សុខ ទូច ក៏សង្ឃឹមថា អ្នកចូលរួមក្នុងវេទិកានេះ នឹងពាំនាំយកនូវពុទ្ធិល្អៗរបស់វាគ្មិនកម្ពុជា និងវាគ្មិនចិន ទៅចែករំលែកដល់អ្នកស្រាវជ្រាវ និងប្រជាជាតិនៃប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ដោះស្រាយញ្ហាដែលយល់ច្រឡំកន្លងមក និងដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទាំងពីរ ប្រកបដោយចីរភាពលើគ្រប់វិស័យ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top