ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ អ្នកចែកប័ណ្ណ ចាក់វ៉ាក់សាំងឲ្យកុមារ ជាថ្នូរយកលុយ នឹងត្រូវប្រឈមមុខ ជាមួយអាជ្ញាធរ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើកាព្រមានទុកជាមុន ទៅដល់អាជ្ញាធរ ខណ្ឌ-សង្កាត់-ភូមិទាំងអស់ ដែលមានសិទ្ធិ ចែកប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២-១៧ឆ្នាំ មិនត្រូវអនុញ្ញាតជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នៃការផ្តល់ប័ណ្ណ ។

លោកថា បើមានករណីបែបនេះមែន នឹងមានបញ្ហាប្រឈមជាមួយអាជ្ញាធរ ពោលរដ្ឋបាលរាជធានីភ្នំពេញ មិនយោគយល់ជាដាច់ខាត។

នេះជាការព្រមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងសាលារាជធានី ដើម្បីពិភាក្សាលើការត្រៀម បើកយុទ្ធនាការ ចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “ការចាក់វ៉ាក់សាំង ជូនកុមារអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើង ត្រូវតែរៀបចំនិងធ្វើឡើង ឲ្យបានម៉ត់ចត់បំផុត ដើម្បីឲ្យដំណើរការ នៃការចាក់វ៉ាក់សាំងនេះ ទទួលបានជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់គឺដាច់ខាតមិនឲ្យមាននរណាម្នាក់ យកលុយជាថ្នូរ នៃការចេញប័ណ្ណចាក់វ៉ាក់សាំង ជូនកុមារនោះទេ” ។

អភិបាលបន្តថា បើមានសកម្មភាពបែបនេះ អាជ្ញាធរមិនយោគយល់ជាដាច់ខាត ។ លោកក៏ស្នើអាជ្ញាធរខណ្ឌ-សង្កាត់ យកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ហើយអាជ្ញាធរខណ្ឌ-សង្កាត់ នឹងទទួលខុសត្រូវដោយខ្លួនឯង ។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានកំណត់ឲ្យយុទ្ធនាការ ចាក់វ៉ាក់សាំងនេះ ធ្វើឡើងឲ្យច្បាស់លាស់ ដើម្បីទទួលបានជោគជ័យ ខណៈនៅភ្នំពេញ កុមារ និងយុវវ័យ អាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំ មានប្រមាណជា២០ម៉ឺននាក់ (លេខមូល) ដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ បើទោះបីជាក្មេងអាណាថា ក៏ដោយ ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ មានអាយុចាប់ពី១២-១៧ ឆ្នាំ នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី១ សីហា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្ដេចក៏នឹងធ្វើសន្និសីទការសែត នៅវិមានសន្តិភាព ។ ការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនដល់ក្មេងអាយុ ១២-១៧ ឆ្នាំ ចាប់ផ្ដើមពីរាជធានីភ្នំពេញមុនគេ នឹងបន្តពង្រីកទៅតាមបណ្ដាខេត្ត-ក្រុងនានា ។

យុទ្ធនាការនេះ ចៅៗសម្តេចតេជោ ដែលគ្រប់អាយុជិត១០នាក់ នឹងមកទទួលការចាក់មុនគេ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top