ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឲ្យពលរដ្ឋធ្វើ ចត្តាឡីស័ក​លើស១៤ថ្ងៃ ព្រោះ វីរុសបំប្លែងថ្មី អាចសម្ងំក្នុងខ្លួន រយៈពេលវែង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួង សុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យលើសពី១៤ថ្ងៃ ព្រោះថា វីរុសបំប្លែងថ្មីអាចសម្ងំក្នុងខ្លួន មនុស្សរយៈពេលវែង ដូច្នេះប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការ សុខាភិបាលជាប់ជានិច្ច ។

ក្នុងឱកាសនាំយកថវិកា និងសម្ភារៈមួយចំនួនទៀត ជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាចែកជូន លោកយាយ លោកតា មានអាយុជាង១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងខេត្ដត្បូងឃ្មុំ និងកំពង់ចាម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន ប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាពលរដ្ឋ គ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លង វីរុសបំប្លែងថ្មីនេះ ដោយវាអាចសម្ងំក្នុងខ្លួន មនុស្សលើសពី១៤ ថ្ងៃទៅទៀត ដូចនេះ នៅពេលដែលប្រជាពលរដ្ឋ ធ្វើចត្តាឡីស័ករួច គ្រប់១៤ថ្ងៃហើយ ត្រូវតែបន្តធ្វើចត្តាឡីស័ក១ សប្តាហ៍បន្ថែមទៀត ឲ្យបានត្រឹមត្រូវជាទីបំផុត នៅតាមផ្ទះសំបែង ឬទីតាំងណាមួយដែលកំណត់ដោយអាជ្ញាធរមូលដ្ឋាន។

លោកស្រីបញ្ជាក់ថា «ត្រូវកុំភ្លេចថា រយៈពេលសម្ងំនៃវីរុសដែលបំប្លែងខ្លួនឥឡូវវាវិវត្តន៍ទៅរយៈពេលវែង ដោយពីមុនយើងគិតថាក្នុងរយៈពេលតែ១៤ថ្ងៃ ប្រសិនបើបុគ្គលនោះ គាត់ធ្វើចត្តាឡីស័ក ហើយ យើងធ្វើតេស្ត២ដងទៅ មិនមានវិជ្ជមានកូវីដ១៩ គឺយើងសន្មត់ថា គាត់អត់អីទេ អីចឹងគាត់អាច វិលត្រឡប់ទៅផ្ទះសំបែងវិញបាន”។

លោកស្រីថា “ប៉ុន្តែនៅក្នុងបរិបទបច្ចុប្បន្ននេះដោយសាររយៈពេលសម្ងំ របស់វាគឺវែងជាងហ្នឹង អីចឹងអ្វីដែលគណៈកម្មការអន្តរក្រសួងលោកបានសម្រេច គឺក្រោយពីការវិភាគ ពិនិត្យមើល ទៅថាអវិជ្ជមាននៅក្នុងរយៈពេល១៤ថ្ងៃនេះ ឲ្យគាត់ទៅបន្តធ្វើចត្តាឡីស័ក ក្នុងទីតាំងណាមួយ ដែលចាត់ចែង របស់អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេល៧ថ្ងៃ ជាបន្តទៀត ដើម្បីយើងស្វែងរក តើការដែលវិវត្តន៍ នៃវីរុសដែលបំប្លែងថ្មីនេះ ជាពិសេសពពួកដែលតានេះឯង យើងអាចរកឃើញនៅក្នុងរយៈពេល ៧ ថ្ងៃក្រោយដែរឬទេ ពីព្រោះកន្លងមកយើងមាន រួចទៅហើយ»។

លោកស្រី រដ្ឋលេខាធិការ លើកឡើងទៀត ប្រសិនបើប្រជាពលរដ្ឋ ទាំងអស់មិនខិតខំរួមសាមគ្គីគ្នា ក្នុងការទប់កុំឲ្យមានការឆ្លង ពីបុគ្គលចូលទៅក្នុង សហគមន៍ទេ នោះ វីរុសនេះ នឹងបង្កភាពធ្ងន់ធ្ងរ នៅក្នុងសហគមន៍ ដោយសារតែស្ថានភាពនៃការចម្លងពពួក ដែលតា នេះគឺមានសភាពឆ្លង លឿន ជាងប្រភេទវីរុស បំប្លែងផ្សេងទៀត ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២-២៥ កក្កដា ក្រសួងរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា B.1617-2 ចំនួន៣៩នាក់ រួមមាន ៖ អ្នកដំណើរវិលត្រឡប់មកពីថៃ តាមច្រកព្រំដែន ចំនួន២១នាក់, បុគ្គលិកសុខាភិបាល ចំនួន៤នាក់ ,ពលរដ្ឋក្នុងសហគមន៍ប៉ះពាល់ផ្ទាល់ចំនួន៦នាក់ និងពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់៨នាក់ ។ នេះជាករណីឆ្លង សហគមន៍លើកដំបូង ដោយសារកន្លងទៅ ក្រសួងរកឃើញវីរុសបំប្លែងថ្មីនេះ តែលើពលករខ្មែរត្រឡប់ពីថៃ និងអ្នកធ្វើដំណើរចូលកម្ពុជាប៉ុណ្ណោះ ៕

To Top