Covid-19

សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីកូវីដ១៩ តែវិបត្តិនេះលាតត្រដាង កាលានុវត្តភាពជាច្រើន ដែលរដ្ឋាភិបាលកំពុងចាប់យក (Video)

ភ្នំពេញ៖ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែវិបត្តិនេះ លាតត្រដាងនូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់យក។

ក្នុងវេទិកាកម្រិតខ្ពស់នៃ ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ហួត ពុំ បានថ្លែងឲ្យដឹងថា ដង្ហើមជីវិតមានសារៈសំខាន់ ជាងដង្ហើមសេដ្ឋកិច្ច ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ គឺជាការធ្វើតេស្តដែលមិនធ្លាប់មានកន្លងមក ទៅលើសមត្ថភាពប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសនីមួយៗ ក៏ដូចជាប្រទេសកម្ពុជា ។

លោកបញ្ជាក់ថា «នៅគ្រប់វិបត្តិដែលកើតមានឡើង តែងតែបង្កប់មាននូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលងនោះទេ ។ ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជាបានរងគ្រោះ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះក៏ពិតមែន ប៉ុន្តែវិបត្តិនេះបានលាតត្រដាង នូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាប់យក»។

លោកបន្ដថា ជាក់ស្តែង នៅក្នុងគោលបំណងកាត់បន្ថយ នូវសម្ពាធមកលើស្ថានភាពសេដ្ឋកិច្ច និងរក្សាឲ្យបាននូវស្ថិរភាពជីវភាព របស់ប្រជាជន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវវិធានការអន្តរាគមន៍ ចំនួន៩ ជុំ ។ តាមរយៈការដាក់ចេញនូវវិធានការទាំងនេះ បានសង្កេតឃើញច្បាស់អំពីតម្រូវការចាំបាច់ ក្នុងការកែទម្រង់មុតស្រួចជាច្រើន ដែលមានសារៈសំខាន់ក្នុងការស្តារ និងកសាងភាពធន់នៃ ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ពេលនេះ និងអនាគតកាល ។

លោកបញ្ជាក់ទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់យកអភិក្រមចំនួន៣ គឺ៖ ការរក្សាលំនឹង និងការស្តារឡើងវិញ (Recovery), ការកែទម្រង់ (Reform) និងការកសាងភាពធន់ (Resiliency) ដើម្បីរៀបចំស្ថានភាពសេដ្ឋកិច្ច ឲ្យត្រឡប់មកវិថីនៃកំណើនឡើងវិញ ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ។

ជាងនេះទៅទៀត លោកអនុរដ្ឋលេខាធិការ មានជំនឿចិត្តយ៉ាងមុតមាំ ទៅលើវិវឌ្ឍនភាពដ៏រឹងមាំ និងភាពជិតស្និទ្ធនៃទំនាក់-ទំនងទ្វេភាគីកម្ពុជា-ចិន ទោះបីជាស្ថិតក្នុងបរិការណ៍ ដ៏លំបាកនេះក៏ដោយ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top