ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនចូលចិត្ត បានជេរប្រមាថ អ្នកឡាយព័ត៌មាន តាមគេហទំព័រហ្វេសប៊ុក ប៉ុន្ដែខ្លួនឯងចូលមើលព័ត៌មានគេរហូត ។ លោកថា ដើម្បីលុបបំបាច់អ្នកឡាយព័ត៌មាន តាមហ្វេសប៊ុកដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវនោះ គឺកុំនាំគ្នាចូលមើល ធ្វើដូចនេះនឹងរលត់បាច់ដោយឯងៗ ។
មិនខុសពីលោក ខៀវ កាញារីទ្ធនេះ សូម្បីលោក ពុយ គា និងប៉ែន បូណាក៏បានលើកឡើងស្រដៀងគ្នាដែរ ចំពោះការឡាយព័ត៌មានតាមហ្វេសប៊ុក ដោយគ្មានការឆ្លងកាត់វគ្គបណ្តុះបណ្តាល ។
ក្នុងកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ខៀវ កាញារីទ្ធ បានណែនាំអ្នកព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីឲ្យសារធារណជនអាចទទួលព័ត៌មានពិត និងចៀសផុតពីបញ្ហាប្រឈម ផ្លូវច្បាប់ផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «សារព័ត៌មានខ្លួនយើងមិនទាន់ពង្រឹង យើងហ៊ានអាកាត់ ហើយក៏មានកំហុសសាធារណជនដែរ។ ការសែត ហ្វេសប៊ុក ទាំងអស់ហ្នឹង រស់ហ្នឹងអី? រស់ហ្នឹងអ្នកចូលមើល។ ខ្ញុំឃើញអ្នកខ្លះជេរ អាហ្នឹងសរសេរអត់កើតទេ ប៉ុន្ដែមើលនោះមើល មើលរាល់ពេល ហ្នឹងហើយយើងមើលម្ដង បង់លុយឲ្យគេម្ដង។ បើអាហ្នឹងវាមិនកើតហើយ កុំនាំគ្នាមើលទៅ វារលត់ខ្លួនឯង ដូចម៉ូតូអស់សាំងចឹង ទៅមិនកើត។ ប៉ុន្ដែនាំគ្នាទៅមើល ជេរបណ្ដើរ មើលបណ្ដើរ អាហ្នឹងហើយយើងចិញ្ចឹមលុយគេតើ»។
លោកបន្ដថា បច្ចុប្បន្ន អ្នកលេងហ្វេសប៊ុកម្នាក់ នៅអាស៊ីបង់ជាង ៣ដុល្លារដោយមិនដឹងខ្លួន ទៅក្រុមហ៊ុនហ្វេសប៊ុក ។ ដោយឡែក អាមេរិកវិញបង់ ៩ដុល្លារ ប៉ុន្ដែក្រុមហ៊ុនហ្វេសប៊ុក បានលុយច្រើនជាងគេ ។ លោកថា «យើងខ្លួនឯង ចិញ្ចឹមអ្នកខូច»។
លោករដ្ឋមន្ត្រីលើកឡើងទៀតថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាអាវក្រោះរបស់អ្នកសារព័ត៌មាន និងអាចរក្សាតម្លៃខ្លួនបាន។ សម្រាប់អ្នកសារព័ត៌មាន គឺមានសិទ្ធិ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឲ្យប៉ះពាល់ ឬក្លាយជាការបរិហារទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ ។
សម្រាប់ លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកាសែតកម្ពុជា ក៏បានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនឡាយតាមហ្វេសប៊ុក ប្រើប្រាស់ភាសា ប្រមាថ ជេរ និងពាក្យមិនសមរម្យ។ លោកក៏ជំរុញដល់អ្នកសារព័ត៌មាន ត្រូវមានក្រមសីលធម៌ ជាពិសេស ប្រើប្រាស់ពាក្យឲ្យបានសមរម្យ កុំធ្វើជាតុលាការឲ្យសោះ។
លោកបញ្ជាក់បន្ថែមថា «ការប្រើប្រាស់ភាសា អ្នកឡាយយើងចំនួន គឺថា ប្រើភាសា ប្រមាថ ជេរ អសុរោះដែលយើងឃើញ ហើយបញ្ហាមួយទៀត រឿងធំមួយទៀត គឺនិយាយវែងនោះវែង គឺដដែល និយាយដដែល អ្នកមើលចង់បានខ្លី តែអត់ជម្រើស។ ដោយឡែក វិទ្យុក៏ដោយ ទូរស្សន៍ក៏ដោយ ក្នុងមួយថ្ងៃមានព័ត៌មាន មួយម៉ោង ហើយព័ត៌មាន ខ្លី ខ្លឹម»។
ជាមួយគ្នានេះដែរ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានឲ្យដឹងថា បច្ចុប្បន្នមានអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកមួយចំនួន តាំងខ្លួនជាអ្នកសារព័ត៌មានដែល ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន អាចយល់ច្រឡំ និងទទួលបានព័ត៌មានមិនពិត ដោយសារតែពួកគេពុំ ឆ្លងកាត់ការបណ្តុះបណ្តាល ឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ ។
លោកបន្ដថា អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន ធ្វើយ៉ាងណាឲ្យការអនុវត្តនោះ អនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់របស់សង្គម ។
បច្ចុប្បន្ននេះ មនុស្សមួយចំនួនដែល តាំងខ្លួនឯងជាអ្នកព័ត៌មាន បានដើរតួនាទីហួសពីដែនសមត្ថកិច្ចទៀត តាមរយៈការឡាយព័ត៌មាន ក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួន ។ ដោយខ្លះបានធ្វើការ អធិប្បាយគ្មានក្រមសីលធម៌ ៕