Covid-19

ចិន ជប៉ុន អង់គ្លេស អាមេរិក ផ្ដល់វ៉ាក់សាំងមកកម្ពុជា ជាទង្វើ កាយវិការមនុស្សធម៌អន្តរជាតិ

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា វ៉ាក់សាំងរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត នឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់ គឺជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិ ។

ចិន ជប៉ុន អង់គ្លេស និងអាមេរិក នាពេលថ្មីៗនេះ បានប្រកាសផ្ដល់វ៉ាក់សាំងមកកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានថ្លែងថា «វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត បានមកដល់ និងកំពុងមកដល់ជាបន្តបន្ទាប់ក្នុងពេលឆាប់ៗ ខាងមុខនេះ។ នេះជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិ ដែលមហាអំណាចគួរប្រកាន់យក ក្នុងការឆ្លើយតបទៅនឹង ការឆ្លងរាលដាលមេរោគកូវីដ-១៩ នាពេលនេះ ជាពិសេស ក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្ត តំបន់នាពេលបច្បុន្ននេះ»។

លោក បន្ដថា ក្នុងបរិបទនយោបាយអន្តរជាតិ ពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្ត តំបន់របស់មហាអំណាច ដោយធ្វើការគៀបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើ ប្រទេសតូចតាចទន់ខ្សោយ លែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូត បែបស៊ីវីល័យទៀតដែរ ។ តែផ្ទុយទៅវិញមានតែការប្រកួតប្រជែងគ្នា ក្នុងការជួយទៅដល់ប្រទេសតូចតាច ទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top