ព័ត៌មានជាតិ

លោក កឹម សុខា ផ្ញើសារអរគុណ ប្រទេសជាមិត្ត មុនមួយថ្ងៃនៃការមកដល់វ៉ាក់សាំង អាមេរិក

ភ្នំពេញ៖ មុនមួយថ្ងៃនៃការមកដល់ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទJohnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្ដល់ឱ្យកម្ពុជាតាមរយៈយន្ដការកូវ៉ាក់ (COVAX) លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានផ្ញើរសារអរគុណ បណ្តាប្រទេសជាមិត្ត ដែលផ្តល់នូវអំណោយ ជួយដល់ប្រជាពលរដ្ឋខ្មែរ កន្លងមក បច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។

សូមរំលឹកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ជំនួយជាវ៉ាក់សាំង ប្រភេទ Johnson & Johnson ជាង១លានដូស ដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែក ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនោះពាក់កណ្ដាល នឹងដឹកមកដល់ ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា « ដោយស្ថានភាពរីករាលដាល នៃវីរុសកូវីដ១៩នៅតែជាកង្វល់ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ សូមមេត្តាបន្ត និងបង្កើនការប្រុងប្រយត្ន័ តែកុំតក់ស្លុត ក្នុងការប្រយុទ្ធទប់ស្កាត់ ជំងឺកូវីដ១៩។ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ការរីករាលដាលនៃវីរុស និងជំងឺកូវីដ១៩ ក្នុងពិភពលោក គឺជាការព្រួយបារម្ភជាសកល»។

លោក បញ្ជាក់ថា​ «ចំពោះប្រទេសកម្ពុជា ក៏ដូចគ្នាដែរ វិធានការទប់ស្កាត់ ការកំចាត់ជម្ងឺកូវីដ-១៩ ទោះបីរាជរដ្ឋាភិបាលបាន និងកំពុងធ្វើជាច្រើនហើយក៏ដោយ ខ្ញុំយល់ថា ការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ក្នុងស្មារតីសាមគ្គីភាព ដោយចិត្តសប្បុរសធម៌ ដោយការទទួលខុសត្រូវ ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយ ទៅតាមលទ្ធភាព គឺជាការប្រសើរ និងមានប្រសិទ្ធិភាព។

លោកសង្កត់ធ្ងន់ថា «ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមជាខ្មែរ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្ត របស់កម្ពុជាទាំងឡាយ ដែលផ្តល់នូវអំណោយ ជួយដល់ប្រជាពលរដ្ឋខ្មែរ កន្លងមក បច្ចុប្បន្ន និងទៅថ្ងៃខាងមុខ នូវវ៉ាក់សាំង ឲ្យមានប្រសិទ្ធិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩»។

លោកកឹម សុខា បានដាក់ក្ដី សង្ឃឹមថាវ៉ាក់សាំងប្រឆាំង កូវីដ-១៩ ដែលជាអំណោយពីប្រទេស ជាមិត្ត ជួយដល់ប្រជាពលរដ្ឋខ្មែរ នឹងមកដល់កម្ពុជា ជាបន្តរបន្ទាប់ទៀត។ សូមបងប្អូនជនរួមជាតិ មានសុខភាពល្អ៕

To Top