ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវពលករខ្មែរ​នៅថៃ កុំចល័តចេញពីកន្លែង ឆ្ពោះមកព្រំដែន

ភ្នំពេញ៖ លោក ហេង សួរ​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្ញើរសារអំពាវនាវ ឱ្យពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។

ការចេញមកអំពាវនាវនេះ ស្របពេលដែលប្រទេសថៃ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យរាជរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់ រាជធានី-ខេត្ត មួយចំនួនដើម្បីទប់ស្កាត់ នូវជំងឺដ៏កាចសាហាវនេះ។

នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហេង សួរ​ បានសរសេរយ៉ាងដូច្នេះថា «ចាប់ពីម៉ោងនេះតទៅ សូមបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។ បើទោះបីជាបងប្អូន មានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ»។

លោក ហេង សួរ​ បញ្ជាក់បន្ថែមថា​ «ចំពោះមុខ ប្រសិនជាបងប្អូនធ្វើដំណើរ មកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺបងប្អូននឹងត្រូវអាជ្ញាធរ មានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាម របស់អាជ្ញាធរថៃ ដូច្នេះត្រូវប្រឈមនឹង ការចាត់វិធានការច្បាប់ផងដែរ»។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទព្រំដែន កម្ពុជា-ថៃ ជាបណ្តោះអាសន្ន លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delita)។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top