ព័ត៌មានជាតិ

វ៉ាក់សាំង Sinovac ចំនួន១លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅថ្ងៃស្អែក

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( ស៊ីណូវ៉ាក់) ចំនួន ១លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជា ទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។

សូមជម្រាបថា នៅក្នុងសីហានិងខែកញ្ញា ឆ្នាំ២០២១ខាងមុខ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥លានដូស បន្ថែមទៀត ក្នុងនោះខែសីហា មកដល់ចំនួន៣លានដូស និងខែកញ្ញាមកដល់ចំនួន ២លានដូស។ ក្នុងចំណោមវ៉ាក់សាំងទាំង ៥លានដូសនេះ គឺសម្រាប់ចាក់ជូន កុមារនិងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ និងសម្រាប់ចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅផងដែរ។

ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ១២ ដល់ ១៧ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ តទៅ ដែលយុទ្ធនាការនេះ នឹងប្រារព្ធធ្វើក្នុងបរិវេណ វិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយ វ៉ាក់សាំងមកកម្ពុជា ។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន៥ពាន់ដូស ៕

សូមបញ្ជាក់ថា នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កំណើនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួនសរុប ៧,១៣១,១៨៤នាក់ស្មើនឹង ៧១.៣១%ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top