ព័ត៌មានជាតិ

កម្ពុជា-រុស្ស៊ី បើកជំនួបធុរកិច្ចលើកដំបូង ត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនរុស្ស៊ី ស្វែងយល់ពីឱកាសទីផ្សារនៅកម្ពុជា

ភ្នំពេញ៖ ក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី បានរៀបចំជំនួបធុរកិច្ចលើកដំបូង តាមប្រព័ន្ធអនឡាញ ជាមួយក្រុមហ៊ុនរុស្ស៊ី ផ្តោតលើប្រធានបទសំខាន់ចំនួន ៣គឺ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពល ដែលនឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនរុស្ស៊ី ក្នុងការស្វែងយល់ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសម្របសម្រួលការទូត សេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី បានរៀបចំ «ជំនួបធុរកិច្ចលើកដំបូង តាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធីបតីភាពរបស់លោក ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរ សរុបប្រមាណ២៥០នាក់។

យោងតាមប្រកាសរបស់ក្រសួង បានបញ្ជាក់ថា «ព្រឹត្តិការណ៍ដ៏សំខាន់នេះ ផ្តោតលើប្រធានបទសំខាន់ចំនួនបីគឺ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពល ដែលនឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនរុស្ស៊ីក្នុងការស្វែងយល់ ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ» ។

អង្គប្រជុំបានប្រព្រឹត្តិទៅយ៉ាងរលូន ប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចូលរួមពិភាក្សាយ៉ាងផុសផុល និងយ៉ាងសកម្មពីសំណាក់វាគ្មិននៃប្រទេសទាំងពីរ ទាំងវិស័យរដ្ឋ និងឯកជន និងថែមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរួមគ្នា លើវិស័យសំខាន់ៗទាំងបីខាងលើ។

ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច រវាងធុរជននិងពាណិជ្ជករកម្ពុជា ជាមួយនិងបណ្តាក្រុមហ៊ុនឯកជន នៃប្រទេសរុស្ស៊ីនាពេលនេះ គឺជាការចាប់ផ្តើមមួយ ក្នុងការចូលរួមជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទុនផ្ទាល់ ពីបរទេសមកប្រទេសកម្ពុជា ដែលការងារអាទិភាពមួយនៃ យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ព្រឹត្តិការណ៍នេះនឹងនាំទៅដល់ការ បើកផ្លូវដើម្បីរៀបចំជំនួបធុរកិច្ចជាមួយប្រទេស ជាដៃគូផ្សេងទៀតនាពេលអនាគត ៕

To Top
×