ព័ត៌មានជាតិ

សម្ដេចតេជោ ឆ្លើយតបអ្នកវិភាគ ក្រៅប្រទេសថា បើសិនជាអ្នកនៅកម្ពុជា គ្មានសិទ្ធិទេ អ្នកជាប់ខ្នោះភ្លាមៗ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឆ្លើយតបអ្នកវិភាគ និងក្រុមប្រឆាំង រស់នៅក្រៅប្រទេស ថា បើសិនជាអ្នកនៅប្រទេសកម្ពុជា គ្មានសិទ្ធិនោះទេ ពួកអ្នកឯងជាប់ខ្នោះភ្លាមៗ ព្រោះថា អ្នកកំពុងតែនិយាយ គឺជាសិទ្ធិ សម្ដែងមតិ។

ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាថ្ងៃទី១ ខែក ក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ផ្ញាំផ្ញើទៅដល់អ្នកមាន សញ្ជាតិ២ កំពុងរស់នៅក្រៅប្រទេស ដូចជា ៖ អាមេរិក បារាំង អាល្លឺម៉ង់ ជាដើម គួរតែសួប្រធានាធិបតីប្រទេស ដែលខ្លួនរស់នៅ ហេតុអ្វីបណ្ដោយឲ្យមនុស្សឆ្លង និងស្លាប់ដោយ សារជំងឺកូវីដ-១៩។ សម្ដេចថា កម្ពុជាធ្វើអ្វីៗ ដើម្បីរស់រានមានជីវិត របស់ប្រជាជនរបស់ខ្លួន។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំទៅ ប្អូនៗ ឬក្មួយៗ បានធ្វើអង្គការសិទ្ធិមនុស្សនេះ ក្រោមដំបូលសាលារៀន ដែលប្អូនៗ ក្មួយៗ បានរៀនដែល ហ៊ុន សែន ធ្វើឲ្យកាលប៉ុន្មានសិបឆ្នាំមុន តើមែនទេ? មិនមែនក្មួយៗ ប្អូនៗទាំងឡាយ ដែលធ្វើអធិបាយនេះ ចេញពីក្រៅប្រទេសមកទេ? អ្នកធ្វើអធិបាយ ទាំងនោះកុំភ្លិចថា ខ្លួនចេញពីកន្លែងណា ខ្លួនចេញពី ដំបូលសាលាធ្លុះធ្លាយ ដែលបាតដៃនៃថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យក្មួយៗ ប្អូនៗ រៀនតែប៉ុណ្ណោះ តើនោះចាប់ផ្ដើមពីអ្វី ចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត»។

សម្ដេចតេជោ បន្ដថា កម្ពុជាក៏មិនអាចបោះបង់ចោលសិទ្ធិរស់រានមានជីវិតដ៏ទៃទៀត ប៉ុន្ដែសិទ្ធិដ៏ទៃទៀត ត្រូវចាប់ផ្ដើមពី សិទ្ធិរស់រានមានជីវិត។ សម្ដេចថា «សម្ដេច មិនមែនអ្នកនយោបាយអង្ករកំប៉ុងទេ» ក្នុងការចូលរួមគ្រប់គ្រងអំណាច អស់រយៈពេលជាង៤១ឆ្នាំមកនេះ មានបទពិសោធន៍ខ្ពស់ណាស់ ហើយជាគ្រូដល់ពួកអ្នកបានដែរ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «បើសិនជាអ្នកនៅកម្ពុជាគ្មានសិទ្ធិទេ អ្នកជាប់ខ្នោះភ្លាមៗ ខ្ញុំប្រាប់អ្នកឲ្យច្បាស់ អ្នករាល់ថ្ងៃកំពុងនិយាយអំពី នាយករដ្ឋមន្ដ្រី មិនយល់ដឹងអំពីរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្ដរជាតិស្ដីពី សិទ្ធិមនុស្ស តើអ្នកកំពុងនិយាយជាស្អី? អ្នកកំពុងតែនិយាយសិទ្ធិសម្ដែងមតិមែនទេ? ចឹងនៅកម្ពុជាមានសិទ្ធិហើយតើ អាអ្នកស្រែកមិនទាន់មានសិទ្ធិ គឺអ្នកកំពុងប្រើសិទ្ធិហើយតើ ភាពឈ្លើយរបស់មនុស្ស យើងតែពន្យល់ត្រឡប់ទៅវិញ»៕

To Top