ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ អ្នកឆ្លងជំងឺកូវីដ-១៩ បម្លែងថ្មី មួយចំនួនមិនដឹង ប្រភពមកពីណា ខណៈបច្ចុប្បន្នកម្ពុជា មានអ្នកឆ្លង២២៣នាក់ (Video)

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្នអ្នកឆ្លងវិរុសជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) មួយចំនួនមិនដឹងប្រភទ ឆ្លងមកពីខាងណា ដូច្នេះ បុគ្គលគ្រប់រូបកុំចល័ត ទៅតំបន់ផ្សេងៗ ព្រោះជំងឺឆ្លងលឿន ។

ក្នុងឱកាសនាំយកថវិកា របស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅក្រុងកំពត ខេត្តកំពត នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា រយៈពេល ៥ខែ កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន២២៣នាក់ ក្នុងនោះ ស្ដ្រី១០៧នាក់។

លោកស្រីបន្ដថា លើពិភពលោកមានការព្រួយបារម្ភខ្លាំងចំពោះ ប្រភេទ Delta ដោយសារស្ថានភាពរបស់វាមានភាពឆ្លងលឿន។ លោកស្រីថា បច្ចុប្បន្ននៅកម្ពុជាប្រភេទ Delta ឆ្លងក្នុងសហគមន៍ជាដុំៗ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងជាប់ជានិច្ច ហើយអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកស្រីបញ្ជាក់ថា «ការរកឃើញនៃបុគ្គល ដែលមានផ្ទុះនូវវិរុសប្រភេទ Delta នេះ នៅរាជធានីភ្នំពេញ គឺមានអ្នកឆ្លង និងមានអ្នកមក ពីក្រៅប្រទេស តាមជើងហោះហើរ ប៉ុន្ដែក៏មានបងប្អូនប្រជាពលរដ្ឋ យើងដែលគាត់ឆ្លង ហើយអត់ដឹងថា គាត់ឆ្លងពីណា ។ កន្លែងនេះដែលជាចំណុច សំខាន់ ប្រសិនបើដឹងច្បាស់ គាត់កន្លែងណា គឺយើងទៅចាត់ចែងវិធានការ ទៅរុករកឲ្យបានលឿន ហើយយើងរកអ្នកវិជ្ជមាន យកមកធ្វើការព្យាបាល ។ ចឹងយើងមានការឃុំគ្រប់គ្រងត្រឹមត្រូវ ក៏ប៉ុន្ដែនៅពេល ដែលយើងអត់ដឹង គាត់ឆ្លងមកពីណា នេះគឺជាបញ្ហាមួយដែលជាសញ្ញាមួយបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្ន ដោយសារជា សញ្ញាបញ្ជាក់ថា វិរុស Delta នេះ បានចរាចរណ៍ទៅហើយ តែចរាចរណ៍ នៅកន្លែងណា យើងអត់ដឹង តាមបុគ្គលដែលចល័ត»។

លោកស្រីរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋគ្រប់រូប កុំចល័ត ពីតំបន់មួយ ទៅតំបន់មួយទៀត ក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឹកូវីដ-១៩ នៅកម្ពុជា។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៨,៤៧៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៧១,៥១៧នាក់ និងស្លាប់ ចំនួន ១,៤៤២នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×