នយោបាយ

វិភាគ ៖ យុទ្ធសាស្ត្រអាមេរិក ក្នុងការបំបែកម្លាំងចិន ត្រូវទទួលបរាជ័យ បណ្តើរៗហើយ

បច្ចុប្បន្នភាព

ទីភ្នាក់ងារព័ត៌មាន AFP របស់ប្រទេសបារាំង បានចុះផ្សាយថា យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ក្នុងការបំបែកកម្លាំង របស់ប្រទេសចិន ដោយយកទីក្រុងហុង ជាទីលានប្រកួត បានទទួលបរាជ័យជាបណ្តើរៗហើយ ដោយសារអ្នកតស៊ូ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងនេះ ហាក់ដូចជាទន់ដៃទន់ជើង និងអស់កម្លាំង ក្នុងការប្រឈមមុខ ជាមួយកណ្តាប់ដៃចិន ។

យុទ្ធសាស្ត្របំបែកកម្លាំង របស់សហរដ្ឋអាមេរិក ទៅលើគូប្រជែងឥទ្ធិពល ត្រូវបានអនុវត្តចាប់តាំង ពីក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ កាលពីឆ្នាំ១៩៤៥កន្លងទៅ ដោយកាលពីដំបូង គឺសហរដ្ឋអាមេរិក បានបំបែកកម្លាំងអតីតសហភាពសូវៀត អោយដូលរលំ និងបំបែកទៅជាប្រទេស និងតំបន់តូចៗ រហូតដល់ពេលបច្ចុប្បន្ននេះ ។

ខណៈដែលមានភាពតានតឹង ជាមួយប្រទេសចិន សហរដ្ឋអាមេរិក បានចាប់យកទីក្រុងហុងកុង ជាទីលានប្រកួត ដោយលើកទឹកចិត្តដល់ ក្រុមយុវជនគាំទ្រប្រជាធិបតេយ្យ នៅក្នុងទីក្រុងនេះ អោយងើបឈរឡើងបះបោរ ប្រឆាំងរដ្ឋាភិបាលចិន តាមរយៈការតស៊ូមតិ ការប្រមូលអ្នកគាំទ្រ និងការចេញទៅធ្វើបាតុកម្មនៅតាមដងផ្លូវ ។

ចលនាគាំទ្រប្រជាធបតេយ្យនៅទីក្រុងហុងកុង បានពុះកញ្ជ្រោលឡើងអស់រយៈពេលជិត២ឆ្នាំ គឺចាប់តាំង ពីឆ្នាំ២០២០រហូតដល់ដើមឆ្នាំ២០២១ ប៉ុន្តែចលនានេះ បានទទួលរងការបង្ក្រាបជាបន្តបន្ទាប់ ពីសំណាក់ក្រុមអាជ្ញាធរហុងកុង ដោយមានការគាំទ្រ ជាលក្ខណៈច្បាប់ និងកងកម្លាំងរបស់រដ្ឋាភិបាលចិន ទៅលើចលនាបះបោរនៅទីក្រុងហុងកុង ។

គិតត្រឹមឆមាសទី១នៃឆ្នាំ២០២១នេះ អ្នកនយោបាយរបស់គណបក្សប្រជាធិបតេយ្យ សមាជិកក្រុមប្រឹក្សាសង្កាត់ សមាជិករដ្ឋសភា ក្រុមកម្មជនរបស់អង្គការ និងសមាគមនានា នៅក្នុងទីក្រុងនេះ បានចាប់ផ្តើមលាលែង ចេញពីតំណែង លាឈប់លែងធ្វើសកម្មភាព និងមិនបង្ហាញ ឆន្ទៈក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ ដូចកាលពីមុន ។

លោក Wong Yat Chin ប្រធានចលនានិស្សិតគាំទ្រ ប្រជាធិបតេយ្យនៅទីក្រុងហុងកុងឈ្មោះ Student Politicism បាននិយាយថា ឆ្លងកាត់រយៈ ពេលជិត២ឆ្នាំកន្លងមកនេះ ខ្លួនបានមើលឃើញពីការដុះក្បាលចុះនៃចលនាទាមទារលទ្ធិប្រជាធិបតេយ្យនៅទីក្រុងនេះ ដោយសារឆន្ទៈរបស់ក្រុមនិស្សិត ហាក់ដូចជាកំពុងរួញថយយ៉ាងខ្លាំង ។

លោក Wong Yat Chin បាននិយាយថា នៅពេលបច្ចុប្បន្ននេះ អង្គការក្រៅរដ្ឋាភិបាល សមាគម និងស្ថាប័នគាំទ្រប្រជាធិបតេយ្យមួយចំនួន ដែលធ្លាប់បានចូលរួមយ៉ាង សកម្មក្នុងសកម្មភាពទាមទារ លទ្ធិប្រជាធិបតេយ្យ បានរំលាយខ្លួនចោល ជាបណ្តើរៗ ឬមិនធ្វើសកម្មភាព អ្វីទាំងអស់ក្នុងគាំទ្រប្រជាធិបតេយ្យ ដូចកាលពីឆ្នាំ២០១៩កន្លងទៅ ។

សូមបញ្ជាក់ជូនថា យុទ្ធសាស្ត្របំបែកកម្លាំងរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសចិន ដែលកំពុងតែរលាយសាបសូន្យបន្តិចម្តងៗនៅពេលបច្ចុប្បន្ននេះ គឺដោយសារយុទ្ធសាស្ត្រកៀបសង្កត់២ ដំណាក់កាលរបស់ប្រទេសចិន ទៅលើអ្នកតស៊ូរបស់សហរដ្ឋអាមេរិក ដែលមិនអាចងើប តតាំងបាន និងមិនអាចប្រមូលសម្លេងគាំទ្របានដូចបំណង ។

ចាប់តាំងពីច្បាប់សន្តិសុខថ្មី របស់រដ្ឋាភិបាលចិន ដែលបានដាក់អោយប្រជាពលរដ្ឋនៅទីក្រុងហុងកុងអនុវត្ត មេដឹកនាំចលនាគាំទ្រ ប្រជាធិបតេយ្យដែលចេញមុខខ្លាំងសឹងតែទាំងអស់ បើមិនជាប់ក្នុងឃុំទេ ក៏កំពុងប្រឈមមុខនឹង បទចោទប្រកាន់ ឬក៏ត្រូវរត់ភៀសខ្លួនទៅក្រៅប្រទេសដែរ ដោយមិនអាចធ្វើសកម្មភាពតាមចិត្តនោះទេ ។

សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកសភាខាងគណបក្សប្រឆាំង រួមទាំងមន្ត្រីដែលបានគាំទ្រ ចលនាប្រជាធិបតេយ្យ បានបង្ខំចិត្តលាលែង ចេញពីតំណែងជាបន្តបន្ទាប់ ដែលសូម្បីតែប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សនយោបាយដ៏ចំណាស់នៅទីក្រុងហុងកុង ក៏បានសម្រេចចិត្តលាលែងចេញពីតំណែងផងដែរ ។

នៅពេលបច្ចុប្បន្ននេះ ក្រុមគាំទ្រចលនាប្រជាធិបតេយ្យ នៅទីក្រុងហុងកុង កំពុងបាក់ទឹកចិត្ត ទម្លាក់ដៃចុះ និងលែងតស៊ូមតិទៀតហើយ ខណៈដែលសហជីព និងសមាគមយ៉ាងហោចណាស់ ៣០ស្ថាប័ន បានសម្រេចចិត្តរំលាយខ្លួនចោល ឬបិទមាត់លែងហ៊ាននិយាយ ។

ដើមចមនាំអោយកើតរឿង

លោកស្រី Arisina Ma អតីតប្រធានសមាគមគ្រួពេទ្យ នៃមន្ទីរពេទ្យរដ្ឋ ដែលជាសហជីពដ៏សំខាន់នៅទីក្រុងហុងកុង បាននិយាយថា ដើមចមដែលនាំអោយចលនា គាំទ្រប្រជាធិបតេយ្យ នៅទីក្រុងនេះ បានបាត់បង់សកម្មភាព និងលែងចេញមុខតស៊ូមតិ គឺដោយសារចំណាត់ការក្តៅ របស់រដ្ឋាភិបាលចិន លើក្រុមប្រឆាំងដោយផ្អែកលើច្បាប់ថ្មី ។

លោកស្រី Arisina Ma បានបន្ថែមថា កាលពីមុន បើរដ្ឋាភិបាលចិនមិនពេញចិត្ត ឬមិនយល់ស្រប នឹងសកម្មភាពរបស់ក្រុមចលនាគាំទ្រប្រជាធិបតេយ្យ គឺរដ្ឋាភិបាលគ្រាន់តែមិនខ្វល់ មិនអើពើ ឬមិនធ្វើតាមការទាមទារ របស់ក្រុមគាំទ្រប្រជាធិបតេយ្យ តែប៉ុណ្ណោះ ដោយរដ្ឋាភិបាលមិន បានចាប់ទោសអូសដំណើរ ក្រុមសកម្មជននោះទេ ។

ប៉ុន្តែក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ឬក្រោយពីរដ្ឋាភិបាលចិន បានដាក់ច្បាប់សន្តិសុខថ្មី អោយប្រជាពលរដ្ឋនៅទីក្រុងហុងកុងអនុវត្ត ក្រុមសកម្មជន របស់បក្សប្រឆាំង សមាគម សហជីព ក្រុមមេធាវី រួមទាំងក្រុមនិស្សិតគាំទ្រប្រជាធិបតេយ្យ សុទ្ធតែត្រូវរងការកៀបសង្កត់មិនអោយធ្វើសកម្មភាពនោះទេ ហើយបើហ៊ានធ្វើសកម្មភាព បើមិនជាប់ឃុំ ក៏ត្រូវធ្វើទុកបុកម្នេញជាប្រចាំពីកងកម្លាំងសមត្ថកិច្ចដែរ ។

ខាងលើនេះ ជាដើមចមដែលនាំអោយយុទ្ធសាស្ត្រ បំបែកកម្លាំងរបស់សហរដ្ឋអាមេរិក ដែលព្យាយាមបំបែកទីក្រុងហុងកុង ចេញពីប្រទេសចិន ត្រូវទទួលបរាជ័យ ជាបណ្តើរៗ និងចុះទន់ខ្សោយជាលំដាប់ ទោះបីជាមេដឹកនាំ របស់សហរដ្ឋអាមេរិក បានរិះគន់ និងដាក់សម្ពាធ លើប្រទេសចិន យ៉ាងណាក៏ដោយ ៕
ដោយ ៖ អ៊ី ជិន

To Top