ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ គ្រឿងញៀនបានជាង ៤គីឡូក្រាម វ៉ៃខ្នោះជនសង្ស័យម្នាក់ (Video)

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿង ញៀន ចាប់ខ្លួនជនជនសង្ស័យជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤គីឡូក្រាម នៅរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៤០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបានស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅ ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖ គោលដៅទី១: នៅចំណុចផ្ញើឥវ៉ាន់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង និង គោលដៅទី២: នៅវេលាម៉ោង ១៧និង១០នាទី បន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ផ្ទាំងពាណិជ្ជកម្ម

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។ ចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប ៤១១៤ ក្រាម, សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប ១២.៣០ក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ២១.១០ក្រាម, សារធាតុញៀន សរុប ៤១៤៧.៤០ក្រាម ។ សម្ភារៈដកហូតបានរួមមាន ៖ ម៉ូតូ ៤គ្រឿង, ទូរស័ព្ទដៃចំនួន ២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

To Top