ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី នៃបណ្តាមិត្តមេគង្គ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីនៃបណ្ដាមិត្តមេគង្គ (Friends of the Mekong Ministerial Meeting) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ សីហានេះ បានឲ្យដឹងថា លោ អេនតូនី ប្រ៊ីនខេន (Antony Blinken) រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំខាងលើ ដែលនឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី និងតំណាងមកពី បណ្តាប្រទេសមេគង្គ រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏ដូចជាប្រទេសជាសមាជិក របស់កិច្ចសន្ទនានយោបាយ មិត្តមេគង្គផ្សេងទៀត រួមមាន អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និង គណៈកម្មការទន្លេមេគង្គ ផងដែរ។

តាមការរំពឹងទុក តំណាងមកពីប្រទេសឥណ្ឌា ចក្រភពអង់គ្លេស និងព្រុយណេ ដែលជាប្រធាន អាស៊ាននាពេលបច្ចុប្បន្ន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។

ក្រោមមូលបទ «ការស្តារឡើងវិញ និងភាពរឹងមាំ» កិច្ចប្រជុំនឹងអបអរសាទរខួបលើកទី១០ នៃយន្តការកិច្ចសហប្រតិបត្តិការ បណ្ដាមិត្តមេគង្គ ដោយពិនិត្យមើលឡើងវិញ និងធ្វើការកំណត់ សកម្មភាព និងអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការនេះ នៅឆ្នាំបន្ទាប់។

កិច្ចប្រជុំ ក៏នឹងពិនិត្យ មើលរបាយការណ៍ស្តីអំពី បច្ចុប្បន្នភាពចុងក្រោយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ អាងទន្លេមេគង្គរបស់ គណៈកម្មការទន្លេមេគង្គ ដែលជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងជំរុញការអភិវឌ្ឍប្រកបដោយ បរិយាប័ន្ន និងចីរភាព សម្រាប់ជាប្រយោជន៍ដល់ស្ថិរភាព សន្តិភាព និងវិបុលភាពទាំងក្នុង និងក អនុតំបន់មេគង្គ ៕

To Top