ព័ត៌មានជាតិ

កម្ពុជា-វៀតណាម រួមគ្នា បន្ដទប់ស្កាត់បទល្មើស ឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានបន្ដបង្កើន កិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមាន អង្គការចាត់តាំង ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ។

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា សហប្រធាន ដឹកនាំកិច្ច ប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើ អត្ថបទបំពេញបន្ថែម ទៅលើផែនការសហ ប្រតិបត្តិការឆ្នាំ២០២០ ជាមួយ ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាម។

ដើម្បីបន្តអនុវត្តនូវយន្តការ សហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគី រវាងក្រសួងទាំងពីរ ដែលបានអាក់ខាន អស់រយៈពេល ជាង១ឆ្នាំកន្លងមកនេះ ដោយសារស្ថានភាព ប្រឈមដ៏ស្មុគស្មាញបង្កឡើង ដោយជំងឺកូវីដ-១៩ សម្តេចក្រឡាហោម ស ខេង និងឧត្តមសេនីយ៍ឯក តូ ឡឹម បានចុះហត្ថលេខាលើអត្ថបទ បំពេញបន្ថែមទៅលើខ្លឹមសារ នៃផែនការ សហប្រតិបត្តិការ ឆ្នាំ២០២០ សម្រាប់អនុវត្តបន្តជាផែនការ សហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងទាំងពីរ និងបានឯកភាពយកចិត្តទុក ដាក់បន្តអនុវត្តកិច្ចការសំខាន់ៗ មួយចំនួនបន្ថែមទៀត រួមមាន៖

ទី១-បង្កើនកិច្ចសហការធានាសន្តិសុខតាមព្រំដែន តាមរយៈការជំរុញវិធានការបង្ការ និងទប់ស្កាត់ការ ចេញ-ចូលឆ្លងដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពតំបន់ ព្រំដែន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

ទី២-បង្កើនកិច្ចសហការ បង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន គ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទ ល្មើសមានអង្គការចាត់តាំង ជាពិសេសបទល្មើស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយអនុលោមតាមច្បាប់នៃប្រទេសនីមួយៗ។

និងទី៣-បន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការជួយគាំទ្រគ្នាទៅវិញទៅមក លើ ការងារថែរក្សាសន្តិសុខ សុវត្ថិភាព បម្រើឲ្យការប្រារព្ធនូវព្រឹត្តការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលប្រទេសទាំងពីរត្រូវរៀបចំ ឬធ្វើជាម្ចាស់ផ្ទះ៕

To Top
×