ព័ត៌មានជាតិ

កុំមើលស្រាល!ទីតាំងនិងផ្សារមួយចំនួន នៅភ្នំពេញ ត្រូវផ្អាកដំណើរការបណ្ដើរៗ ដោយសារ វីរុសកូវីដប្រភេទថ្មី Delta

ភ្នំពេញ៖ វីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ Delta បាននឹងកំពុងធ្វើឱ្យពិភពលោក ទាំងមូល រួមទាំងកម្ពុជា មានការព្រួយបារម្ភជាថ្មី ដោយសារឥទ្ធិពល នៃការចម្លងរបស់វា លឿនរហ័ស ដែលនឹងស្មានមិនដល់។ ជាក់ស្ដែង ក្នុងរយៈពេលតែប៉ុន្មានថ្ងៃសោះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Delta នេះ រហូតដល់ជាង២៦០ករណី ទៅហើយ ក្នុងនោះក៏មាននៅភូមិសាស្រ្ត រាជធានីភ្នំពេញ ផងដែរ ។

ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺវីរុសDelta នេះ ត្រូវបានរកឃើញនៅតាមទីតាំងសំខាន់ៗមួយចំនួន ដែលសំបូរទៅដោយមនុស្សច្រើនកោះករ គឺ «ផ្សារ» ហើយចំពោះប្រភពមួយចំនួន នៅមិនទាន់បានរកឃើញនៅឡើយ។

ជាក់ស្ដែងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ពេលនេះក្រុមការងារកំពុងដុតដៃ ដុតជើង ក្នុងការយកសំណាកពីអាជីវករក្នុងផ្សារចំនួនពីរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរួមមាន៖

១/ ផ្សារ សិនជូរីផ្លាហ្សា ដែលមានការសង្ស័យ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ បម្លែងថ្មី Delta នេះ ហើយក្រោយពិនិត្យសំណាកលើកទី១ ឃើញថាទទួលលទ្ធផល «អវិជ្ជមាន»។

២/ ផ្សារដើមគរ ក្រុមការងារកំពុងបើក ប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យ ឆ្លងវីរុសកូវីដ-១៩​ ប្រភេទថ្មី​ Delta ដោយត្រូវយកសំណាកអាជីវករនៅផ្សារនេះ និងប្រជាពលរដ្ឋនៅក្បែរផ្សារ ប្រមាណជាជាង ២០០ នាក់។ចំពោះលទ្ធផលសំណាកលើកទី១ គឺ «អវិជ្ជមាន» ។

ប៉ុន្ដែយ៉ាងណាក្ដីសូមកុំភ្លេចថា​ អនុភាពនៃការ រស់រាន របស់វីរុសថ្មីនេះ មានរយៈពេលវែងជាង មេរោគកូវីដ១៩ មុនៗ រហូតលើសពី១៤ថ្ងៃ។

៣/ផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយរកឃើញបុគ្គលិកម្នាក់ ឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធ វីរុសDelta។

ដោយឡែក បើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី៣ សីហានេះ កម្ពុជា បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បម្លែងថ្មី Delta ចំនួន៤២ករណី ក្នុងនោះខេត្តកំពង់ធំ ចំនួន៤នាក់ ខេត្តឧត្តរមានជ័យចំនួន ១៥នាក់ រាជធានីភ្នំពេញចំនួន៥នាក់ និងខេត្តសៀមរាប១៨នាក់។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លង វីរុសបំប្លែងថ្មី Delta ជាង២៦០នាក់ហើយ៕

To Top