ព័ត៌មានជាតិ

ស្ត្រីមេម៉ាយក្រីក្រ ១គ្រួសារ ទទួលបានផ្ទះ១ខ្នង ពីសាខាកាកបាទក្រហម​ ខេត្តកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានដឹកនាំសហការី រួមជាមួយមេគណខេត្ត អញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនស្ត្រីមេម៉ាយទ័លលំបាកម្នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ ៤៥ឆ្នាំ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ក្រោយពីបានដឹងអំពីស្ថានភាពលំបាក របស់គ្រួសារស្ត្រីខាងលើ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃ ៩,៨០០, ០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត និងសប្បុរសជន ជូនស្ត្រី ឆៃ អ៊ូ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ រួមនិងអំណោយមួយចំនួនទៀត សម្រាប់ឱ្យគ្រួសារនោះផ្គត់ផ្គង់ក្នុងជីវភាពផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្ត បានក្រើនរំលឹក ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនអោយបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការ ឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ Delta កំពុងចរាចរ វាយលុកយ៉ាងសកម្ម ដែលជាបញ្ហាប្រឈម និងជាក្តីកង្វល់ដ៏ធំ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ពិសេសនៅក្នុងគ្រួសារ និង សហគមន៍ ៕

To Top
×