ព័ត៌មានជាតិ

លោក យ៉ែម បុញ្ញឬទ្ធិ ៖ បក្សកម្ពុជានិយម មិនជេរប្រមាថ លាបពណ៌ ញុះញង់បំបែកបំបាក់ដល់សង្គមជាតិ(Video)

ភ្នំពេញ ៖ ក្នុងនាមជាស្ថានិកមួយរូបរបស់គណបក្សកម្ពុជានិយមដែលក្រសួងមហាផ្ទៃ ទើបអនុញ្ញាតឲ្យបង្កើតនោះ លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងពីការប្តេជ្ញាចិត្តរបស់បក្សនេះថា នឹងមិនជេរប្រមាថ លាបពណ៌ ឬការញុះញង់ដែលនាំឲ្យទៅដល់ការបំបែកបំបាក់សង្គមជាតិកម្ពុជាឡើយ ។

ខណៈបច្ចុប្បន្នលោក យ៉ែម បុញ្ញឬទ្ធិ នៅសហរដ្ឋអាមេរិក លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ សីហា តាមរយៈសារអេឡិចត្រូនិចថា ដំណាក់កាលទី១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយមរួចហើយ ដូច្នេះដំណាក់កាលទី២នេះ គណបក្សកំពុងរៀបចំឯកសារ ដាក់ទៅក្រសួង ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយជាផ្លូវការ ដើម្បីចេញធ្វើសកម្មភាពនានា ក្នុងការត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងថ្នាក់ជាតិនាឆ្នាំ២០២២និង២០២៣ខាងមុខ ។

លោកថា ក្នុងនាមជាស្ថាបនិកមួយរូបរបស់គណបក្សកម្ពុជានិយម នឹងចូលរួមដឹកនាំជាមួយក្រុមនិស្សិតបញ្ញវន្ត ក្រុមសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ កម្មករ-ពលករ កសិករ យុវជនបន្តវេន ដែលជាស្ថាបនិករបស់កម្ពុជានិយម។ ចំពោះអង្គការចាត់តាំង តួនាទីតំណែង ក្រុមស្ថានិកនឹងអនុម័តសម្រេចនៅពេលបន្តទៀត។

លោកបញ្ជាក់ថា “កម្ពុជានិយម គោរព និងផ្ដល់តម្លៃគ្នាទៅវិញទៅមក នៃសិទ្ធិក្នុងការបញ្ចេញមតិរិះគន់ស្ថាបនា ក្នុងនាមយើងជាអ្នកប្រជាធិបតេយ្យសេរី ។ ក៏ប៉ុន្តែមិនត្រូវធ្លាក់ចូលគន្លងនៃការធ្វើបុរេវិនិច្ឆ័យ ជេរប្រមាថ លាបពណ៌ ញុះញង់បំបែកបំបាក់ដល់សង្គមជាតិយើង ព្រោះតែមានទស្សនៈ ឬនិន្នាការផ្សេងគ្នានោះទេ” ។

បន្ថែមពីលើនេះទៀត លោក យ៉ែម បុញ្ញឬទ្ធិថា កម្ពុជានិយម កសាងអនាគតថ្មីដើម្បីកម្ពុជា កសាងរដ្ឋទំនើប ។ កម្ពុជានិយម ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ នៃកម្ពុជា ស្របតាមកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្ដីពី កម្ពុជា ២៣តុលា១៩៩១ ។

បើតាមលោក យ៉ែម បុញ្ញឬទ្ធិដដែល ស្ថាបនាផ្សេងទៀតរបស់បក្សបាននាំគ្នាមូមាត់ជំរុញក៏ដូចជាលើកទឹកចិត្តឲ្យធ្វើជាប្រធានបក្សនេះតែម្តង។

កាលពីថ្ងៃ២៣ កក្កដា គណបក្សកម្ពុជានិយមដែលសរសេរជាអក្សរកាត់ «ប.ក» មានអាសយដ្ឋាននៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើត ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតនាពេលខាងមុខ ៕

To Top