ព័ត៌មានជាតិ

សមាជិក ប.ស.ស. នៃវិស័យឯកជន នឹងទទួលបាន ប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍​ ដូចទៅនឹង មន្រ្តីរាជការដែរ

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ នឹងទទួលបាន ប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នាពេលឆាប់ៗដ៏ខ្លីខាងមុខ។

ការថ្លែងឡើងបែបនេះ គឺស្ថិតក្នុងឱកាសដែល លោកអញ្ជើញធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទ ស្តីពីការលើកកម្ពស់ការយល់ដឹង អំពីការងារសមរម្យ​សម្រាប់កម្មករ និយោជិតជាស្រ្តី ដែលធ្វើការក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក ហេង សុផាន់ណារិទ្ធ ក៏បានលើកឡើង អំពីវឌ្ឍនភាព​ នៃការអនុវត្ត របបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានវិសាលភាពគ្របដណ្តប់ លើវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដូចមានចែងក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដែលជាពិសេសសម្រាប់ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ក៏បាននឹងកំពុងទទួលបាន គោលរបបប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល កម្ពុជាផងដែរ។

នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលសម្តេច តែងតែគិតគូរខ្ពស់បំផុត​ អំពីសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយ ស្តីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការញ្ជើញចូលរួម ពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងមន្ទីរកិច្ចការនារីទាំង ២៥រាជធានី/ខេត្ត តំណាងអង្គការ APHEDA, អង្គការ Oxfam និងតំណាងសហជីព នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណជាង ១០០នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top