ព័ត៌មានជាតិ

នូវែលសេឡង់ សាទរចំពោះ កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងយុទ្ធនាការចាក់ វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋ

ភ្នំពេញ ៖ លោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ បានសម្ដែងការអបអរសាទរ ដល់កម្ពុជា ចំពោះ សមិទ្ធផល និង កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម ក្នុងអំឡុងពេល នៃការរាតត្បាត នៃជំងឺកូវីដ-១៩។

ការសាទររបស់នូវេលសេឡង់ ធ្វើឡើងក្នុងឱកាសដែលលោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ តាមប្រព័ន្ធវីដេអូ ។

យោងតាមសចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៦ សីហាបានឲ្យដឹងថា ក្នុងជំនួបទ្វេភាគីនេះ រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា និងឈានដល់ការ ឯកភាពលើ កិច្ចសហប្រតិបត្តិការ ក្នុង វិស័យនានា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-នូវែលសេឡង់ និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការបារម្ភ និងចំណាប់អារម្មណ៍រួម។

លោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា បានសម្តែងការកោតសរសើរ ដល់កម្ពុជា ដែលបានធ្វើការងារ សម្របសម្រួល យ៉ាងល្អប្រសើរ ក្នុងនាមជាប្រទេស សម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-នូវែលសេឡង់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក ។

លោកស្រីរដ្ឋមន្ត្រី ក៏បានអបអរសាទរផងដែរ ដល់ប្រទេសកម្ពុជា ចំពោះ សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម ក្នុងអំឡុងពេលនៃ ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ប្រទេសនូវែលសេឡង់ ដែលបានផ្តល់ជំនួយ ដល់ប្រទេសកម្ពុជា រួមមានកម្មវិធី បណ្តុះបណ្តាលភាសា ដើម្បីគាំទ្រដល់ការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ សកម្មភាពបោស សំអាតមីន និងកម្មវិធីការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់ស្រ្ដីដែលបានបាត់បង់ការងារ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ៕

To Top