ព័ត៌មានជាតិ

ដំណឹងល្អ! ខេត្តកំពង់ស្ពឺ នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនក្មេង អាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ សីហា

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនក្មេង អាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ សីហា។

នៅលើគេហទំព័រហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «ដំណឹងល្អបានមកដល់ហើយ នៅថ្ងៃអង្គារទី10 ខែសីហា ឆ្នាំ2021 នេះ ខេត្តកំពង់ស្ពឺយើង នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កូនក្មេងអាយុក្រោម 18 ឆ្នាំមក 12 ឆ្នាំ (ខ្វះ30 ថ្ងៃ ក៏អាចចាក់បាន)។ ចំនែក ទីតាំង និងឯកសារភ្ជាប់ ដូចមានជូនភ្ជាប់ស្រាប់។»

លោក វុី សំណាង ក៏បានឱ្យដឹងផងដែរថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ អ្នកជំងឺ កូវីដ១៩ ក្នុងខេត្តកំពង់ស្ពឺ ចំនួន១៣នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីនិងស្លាប់ឡើយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៩៣នាក់ និងកំពុងសម្រាកព្យាបាល២០៣នាក់ ស្លាប់៩៨នាក់៕

To Top