ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ មគ្គុទ្ទេសក៍ រៀបចំឡើង ក្នុងគោលបំណង ពន្លឿន និងបង្កើនប្រសិទ្ធភាព ការព្យាបាល

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានឲ្យដឹងថា មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅកម្ពុជា រៀបចំឡើងក្នុងគោល បំណងពន្លឿន និងបង្កើនប្រសិទ្ធភាពការព្យាបាល សំដៅកាត់បន្ថយអត្រាមរណភាព ដោយសារជំងឺកូវីដ-១៩។

យោងតាមឯកសាររបស់ ក្រសួងសុខាភិបាល កម្រាស់ ៣០ទំព័ ចេញផ្សាយនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ឯកសារជំនួយស្មារតី ស្តីពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ដែលបានរៀបរៀងឡើងលើកដំបូងនៅក្នុងខែមីនា ឆ្នាំ២០២០ និងត្រូវបានធ្វើការកែសម្រួលជាបន្តបន្ទាប់ ចំនួនបីលើក ដែលលើកចុងក្រោយនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជា មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់អនុវត្តនៅគ្រប់មណ្ឌលព្យាបាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ សាធារណៈ ក៏ដូចជា សេវាសុខាភិបាលឯកជនដែលបានចូលរួមក្នុការព្យាបាលជំងឺកូរីដ-១៩ ក្នុងគោលបំណងពន្លឿន និងបង្កើនប្រសិទ្ធភាព ក្នុងការព្យាបាល សំដៅកាត់បន្ថយអត្រាមរណភាពដោយសារជំងឺកូវីដ-១៩»។

លោកបញ្ជាក់ថា មគ្គុទ្ទេសក៍ដ៏សំខាន់នេះ គឺជាឯកសាររស់មួយ (Living Document) ដែលបានរៀបចំឡើង និងបន្តធ្វើ បច្ចុប្បន្នភាព ស្របតាមការចាំបាច់របស់មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅ ជួរមុខ ដើម្បីបង្កើនគុណភាពក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

លោកបន្ដថា ផ្អែកទៅតាមទិន្នន័យ ផ្នែកអេពីដេមីសាស្ត្រ និងបទពិសោធន៍នៃការគ្រប់គ្រង និង ព្យាបាលជំងឺកូវីដ-១៩ នាពេលកន្លងមក ប្រមាណជា ៤០% នៃករណីជំងឺកូវីដ-១៩ ទាំងអស់ជាជំងឺកម្រិតស្រាល ប្រមាណជា ៤០% ទៀតជាជំងឺកម្រិតមធ្យម រីឯអ្នកជំងឺប្រមាណ ១៥% ទៀតអាចវិវត្តទៅជាធ្ងន់ធ្ងរនិងត្រូវការជំនួយអុកស៊ីសែន នៅពេលដែល ៥% ផ្សេងទៀតអាចវិវត្តទៅជាធ្ងន់ធ្ងរ ខ្លាំង រហូតដល់ត្រូវការម៉ាស៊ីនជំនួយការដកដង្ហើម។ តាមរយៈមគ្គុទ្ទេសក៍នេះ អាចធ្វើការប៉ាន់ស្មានពីតម្រូវការ សម្ភារៈបរិក្ខារ ជាពិសេសឱសថចាំបាច់នានា សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឱ្យបានសមស្រប និងប្រកបដោយ ប្រសិទ្ធភាព។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨១,៨៩១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៧៥,៤៩៥នាក់ និងអ្នកស្លាប់ ចំនួន ១៥៦២នាក់៕

To Top