ព័ត៌មានជាតិ

ទឹកប្រាក់ជាង ៦០ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូន សមាជិករបស់ខ្លួន

ភ្នំពេញ៖​​​ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ដោយទទួលបានការអនុញ្ញាត ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ នៅក្នុងកម្មវិធីវេទិកាវិស័យឯកជន ស្ដីពី បច្ចុប្បន្នភាពនៃតាវកាលិក ជូនកម្មករនិយោជិត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ (១ មករា ដល់ ៣០មិថុនា) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់តាវកាលិក ផ្នែកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ជូនសមាជិករបស់ខ្លួនសរុបជាង ៣ម៉ឺននាក់ ដែលមានការថយចុះជាង ២៧% បើប្រៀបធៀប ទៅនឹងឆមាសទី១ ដូចគ្នា ក្នុងឆ្នាំ២០២០ កន្លងទៅ និងបានចំណាយជាទឹកប្រាក់ សរុបប្រមាណជាង ៦០ពាន់លានរៀល ក្នុងនោះប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនមានចំនួន ២៧ ៣០៧នាក់។

លោកបានបញ្ជាក់ទៀតថា បើទោះបីជាមកទាល់ពេលនេះ ជំងឺកូវីដ-១៩ នៅតែមានការគម្រាមកំហែង និងបន្តរីករាលដាលយ៉ាងណា ក៏ដោយ ប.ស.ស. នៅតែបន្តផ្តល់សេវា រួមទាំងការផ្តល់ជូនតាវកាលិក (អត្ថប្រយោជន៍ របបសន្តិសុខសង្គម) ជូនដល់សមាជិករបស់ខ្លួន ជាមួយនឹងវិធានសុខាភិបាល និងត្រូវអនុវត្តឱ្យបាន ជាប់ជានិច្ចនូវវិធាន ៣ការពារ និង ៣កុំ ក្នុងន័យរួមចំណែក ទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ ។

សូមបញ្ជាក់ថា បទបង្ហាញខាងលើនេះ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងគោលបំណងផ្ដោតសំខាន់ ទៅលើការបង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបាន ការប្រើប្រាស់សេវា និងការទាមទារអត្ថប្រយោជន៍ របបសន្តិសុខសង្គម ពី ប.ស.ស. ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលកម្មវិធីនេះ រៀបចំឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top