Covid-19

យុទ្ធនាការបិទខ្ទប់ខេត្តជាប់ព្រំដែន និងយុទ្ធនាការថ្នាក់ជាតិ ១៤ថ្ងៃកន្លងទៅជួយគ្រប់គ្រងមួយកម្រិត នូវការឆ្លងរាលដាលទ្រង់ ទ្រាយធំក្នុងសហគមន៍

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការអនុវត្តវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងសៀមរាប និងយុទ្ធនាការថ្នាក់ជាតិ រយៈពេល ១៤ថ្ងៃ កន្លងមកនេះ បានជួយដល់ការគ្រប់គ្រង និងពន្យារពេលបានមួយកម្រិត នូវការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគ កូវីដ-១៩ ប្រភេទ ដែលតា (Delta)។

សូមជម្រាបជូនថា កន្លងមកនេះ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេស និងវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់ មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ក្នុងយុទ្ធនាការនេះសំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្ដីណែនាំស្ដីពី «ការបន្ដអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ជារួម ការអនុវត្តវិធានការបិទខ្ទប់បណ្តាខេត្តជាប់ ព្រំដែន និងខេត្តសៀមរាប និងយុទ្ធនាការថ្នាក់ជាតិ រយៈពេល ១៤ ថ្ងៃ កន្លងមកនេះ បានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លង រាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ ជាក់ស្ដែង អត្រានៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានលក្ខណៈថេរ បើទោះជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បានធ្លាយចូលក្នុងសហគមន៍ ហើយបច្ចុប្បន្ន បានរីករាលដាលរហូតទៅដល់ ១៧ រាជធានី-ខេត្ត ក្តី»។

រាជរដ្ឋាភិបាល បានបន្ដថា ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្ត “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩- នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខាងមុខ។

រាជរដ្ឋាភិបាល ក៏បានណែនាំអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមម៉ឺងម៉ាត់ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងអំឡុងពេលនៃការបន្តការអនុវត្តយុទ្ធនាការរយៈពេល ៧ថ្ងៃបន្ថែមទៀតនេះ ត្រូវបន្តដាក់ចេញ និងជំរុញអនុវត្តវិធានការរឹតត្បិតចាំបាច់ទាំងឡាយឲ្យកាន់តែមានប្រសិទ្ធភាព និងឲ្យបានព្រមៗគ្នា នៅទូទាំងប្រទេស៕

To Top