ព័ត៌មានជាតិ

ក្រសួងកសិកម្ម ឲ្យអ្នកនាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីថៃ ទៅវៀតណាមវិញ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នក នាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញម្តង ដោយសារថៃ កំពុងបិទមិនឲ្យនាំចូលមៀន តាមច្រកព្រំដែន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផល ក្នុងខែសីហានេះ ប៉ុន្តែដោយសារបញ្ហា រីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាច ធ្វើការនាំចេញទៅកាន់ ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀន ប៉ៃលិនតាមច្រកព្រំដែន។

ក្រសួងបន្ដថា ម្យ៉ាងទៀត ផ្លែមៀនប៉ៃលិនជាប្រភេទ ទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឲ្យសមត្ថកិច្ច ភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយ សមត្ថកិច្ចភូតគាមអនាម័យ ប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃ ហានិភ័យសមាសភាពពាក់ព័ន្ធ នឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។ ជាក់ស្តែង ក្រសួងបានដាក់សំណើចរចាបើកទីផ្សារ សម្រាប់ផ្លែមៀនស្រស់ ទៅកាន់ប្រទេសចិន និងប្រទេសថៃ រួចហើយ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបញ្ជាក់ថា «ក្នុងគោលបំណង ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងប្រឈមនឹង របាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានាបង្កឡើង ដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួង សូមធ្វើការអំពាវនាវ អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារ សម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវ ការឯកភាពគ្នាលើលក្ខខណ្ឌ តម្រូវភូតអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសវៀតណាម»។

ក្រសួង ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគួររួមគ្នា គាំទ្រផលិតផលខ្មែរ ក្រោមរូបភាព «ខ្មែរជួយខ្មែរ» ដោយជួយទិញផ្លែមៀន របស់ប្រជាកសិករ ពិសេសសហគមន៍កសិកម្ម មៀនប៉ៃលិន នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ ៕

To Top
×