ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ អ្នករិះគន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ថា បម្រើនយោបាយចិន គឺជាការលាបពណ៌លំអៀង

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការនិយាយថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ថា ជាការបម្រើនយោបាយគម្រោង ផែនការខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន គឺជាការនិយាយលាបពណ៌លំអៀងនយោបាយ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ១៣ សីហា។

ការលើកឡើងរបស់លោក សុខ ឥសាននេះ បន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃ១០ សីហា បានចេញរបាយការណ៍សង្ខេបរបស់ខ្លួនទាក់ទង ការសាងសង់ទំនប់វារីអគ្គិសនីសេសាន២ ក្រោមចំណងជើងថា ផលប៉ះពាល់សិទ្ធិមនុស្សពីគម្រោងផ្លូវមួយខ្សែក្រវាត់មួយ នៅក្រោមផ្ទៃទឹកនៅកម្ពុជា គឺខ្វះតម្លាភាព មិនស្តាប់ពីកង្វល់របស់សហគមន៍ និងបាននាំមកនូវផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋ។

លោក សុខ ឥសានបន្តទៀតថា ការកសាងទំនប់វារីអគ្គិសនីនីមួយៗ សុទ្ធតែមានការសិក្សាស្រាវជ្រាវជាមុន ហើយវាយតម្លៃពីផលចំណេញ និងផលប៉ះពាល់ បើមានផលចំណេញច្រើនជាង គឺយកជាឧត្តមភាពសាងសង់ហើយ ។ លោកថា ចំពោះការប៉ះពាល់ពលរដ្ឋដែលធ្លាប់រស់នៅក្បែរទំនប់សេសាននោះ គឺរាជរដ្ឋាភិបាលកម្ពុជាបានគិតគូពីការលំបាក់របស់ប្រជាជនខ្មែរដោយផ្តល់សំណងយ៉ាងត្រឹមត្រូវ។ លោកថា ប្រជាជន ភាគច្រើនយល់ព្រមទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល អ្នកដែលមិនព្រមទទួលយកគោលនយោបាយមានចំនួនតិចតួច ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា អ្នករិះគន់លើគម្រោងសាងសង់ទំនប់សេសានក្រោម២នេះ គឺជនបរទេសទាំងនោះមិនមានខួរក្បាល គិតគូរពីជីវភាពរបស់ប្រជាជនកម្ពុជា ជាងរាជរដ្ឋាភិបាលទេ ហើយចង់រក្សាទេសភាពទន្លេសេសាន គឺជាអ្នកមានគំនិតខ្លី ។

ទន្ទឹងនឹងនេះដែរ លោកថា ធ្វើទំនប់វារីអគ្គិសនី ដើម្បីបានឋាមពលយកមកប្រើប្រាស់សម្រាប់សំណូមពរត្រូវការរបស់សង្គមដែលកាន់តែរីកចម្រើន ហើយការរិះគន់ និងរារាំងមិនចង់ឲ្យសាងសង់ទំនប់វារីអគ្គិសនី ដោយសារពួកទាំងនេះ ចង់ឲ្យខ្មែរដុតចង្កៀងប្រេងកាតតទៅទៀតហើយមើលទៅ ។

សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ ហើយបានបើកដំណើរការនៅខែតុលា ឆ្នាំ២០១៨ ។ ទំនប់វារីអគ្គិសនី សេសានក្រោម២ មានសមត្ថភាពផលិតឋាមពលអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា។ ទំនប់វារីអគ្គិសនីសេសានក្រោម២ តបណ្តាញពីខេត្តស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងបន្តពីកំពង់ចាម ទៅរាជធានីភ្នំពេញ ៕

To Top
×