ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ មើលឃើញថា ការទប់ស្កាត់បទល្មើសផ្សេងៗ និងទប់ស្កាត់ជំងឺកូវីដ ពិសេសវីរុសបំម្លែងថ្មី អនុវត្តបានល្អ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ អនុវត្តការងារបានយ៉ាងល្អប្រសើរ ទាំងការទប់ស្កាត់បទ ល្មើសផ្សេងៗ និងការអនុវត្តវិធានសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាល នូវជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី (ដែលតា)។

លោក ប៉ា សុជាតិវង្ស បានលើកឡើងក្នុងអង្គប្រជុំថា អាជ្ញាធររាជធានីភ្នំពេញ ពិតជាអនុវត្តការងារបានយ៉ាងល្អ ទាំងការបង្ក្រាបបទល្មើសផ្សេងៗ ការគ្រប់គ្រងសំណល់រឹង វិធានការច្បាប់ជុំវិញ ការរុះរើបែរត្រី មិនរៀបរយតាមដងទន្លេ ពិសេស ការអនុវត្តវិធានសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យកូវីដ មិនមានការរីករាលដាលខ្លាំងឡើង ។

លោកបន្ថែមថា ការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនោះ គឺវីរុសបំប្លែងថ្មីប្រភេទដែលតា ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នៅតែគ្រប់គ្រងបានយ៉ាងល្អ ដោយមិនមានការរីករាលដាលនោះទេ។ ដូចពាក្យចាស់លោកពោលថា ការពារប្រសើរជាងព្យាបាល «ការអនុវត្ត ៣ការពារនិង៣កុំ» ពិតជាមានអត្ថប្រយោជន៍យ៉ាងសំខាន់បំផុត ក្នុងកិច្ចការពារជំងឺរីករាលដាល-១៩នេះ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបិទបំរាមគោចរ ពិតជាមានអត្ថប្រយោជន៍ខ្លាំង ក្នុងការកាត់បន្ថយការ រីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងយុទ្ធនាការ នៃការបិទការធ្វើចរាចរណ៍នៅពេលយប់នេះ ធ្វើឲ្យការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ មានការថយចុះ យ៉ាងខ្លាំង ៕

To Top