ព័ត៌មានជាតិ

លោក ម៉ម ប៊ុនហេង ប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវបិទជាបណ្តោះអាសន្ន នូវអាជីវកម្មណា មិនគោរព វិធានសុខាភិបាល

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញបទបញ្ជា ដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចាត់វិធានការបិទ ជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្ម ណាមិនគោរពតាមគោលការណ៍ ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ណែនាំ និងចាត់វិធានការដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជា ក្លឹបកំសាន្ត អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹង ព្រមទាំង ភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែម ទៅលើការអនុវត្តន៍វិធានការ សុខាភិបាល ដើម្បីបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្ម របស់ខ្លួន។ ចាត់វិធានការបិទជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្មណា ដែលមិនគោរពតាមគោលការណ៍ណែនាំ របស់ ក្រសួងសុខាភិបាល»។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបញ្ជាក់ថា អភិបាលរាជធានី-ខេត្ត ត្រូវណែនាំ និងការចាត់វិធានការតាមដានការអនុវត្តន៍វិធានការសុខាភិបាល នៅតាមសហគមន៍ ដូចជា ចាត់តាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តន៍ គម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ ទៅម្នាក់ ឲ្យបានយ៉ាងតិច ១,៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តគម្លាតសុវត្ថិភាពសង្គម ឲ្យបានហ្មត់ចត់ ដោយហាមឃាត់ ឬកាត់បន្ថយឲ្យបានជាអតិប្បរិមា នូវការជួបជុំគ្នាក្នុងសង្គម ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធី បុណ្យនានា ការជួបជុំគ្នាកុះករ ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគុំតន្ត្រី ការដើររលងជួបជុំគ្នាច្រើន ការបរិភោគអាហារជាមួយ មិត្តភ័ក្រ្តខាងក្រៅផ្ទះ ការជួបជុំពិធីខួបកំណើត ឬការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកំសាន្តប្រមូលផ្តុំគ្នាច្រើន ជាដើម៕

To Top
×