ព័ត៌មានជាតិ

ប.ស.ស. បន្តខិតខំបម្រើ សេវាសន្តិសុខសង្គម ជូនសមាជិករបស់ខ្លួន ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ នៃគ្រប់នាយកដ្ឋាន និងប្រធាន ប.ស.ស. សាខាខេត្ត ខណ្ឌ ទាំងអស់នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលើបញ្ហាប្រឈម និងចំណុចមិនប្រក្រតីនានា ដែលជាកត្តារាំងស្ទះនៃការផ្តល់ និងការប្រើប្រាស់សេវារបស់បងប្អូន ដែលជាសមាជិក ប.ស.ស. តាមរយៈប្រព័ន្ធវីដេអូ (Zoom meeting)។

លោកអគ្គនាយក បានជម្រុញឱ្យលោក លោកស្រីដែលជា ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់នាយកដ្ឋាន និងគ្រប់សាខាទាំងអស់ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្តល់ការ សម្របសម្រួលឱ្យបានទាន់ពេលវេលា ចំពោះបងប្អូនដែលជាសមាជិក ពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស. បើទោះបីជាមានការប្រឈម នឹងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ។

លោកអគ្គនាយក បានថ្លែងបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណាបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

ប.ស.ស. ត្រូវបានប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការបំពេញ ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងទាន់ពេលវេលា នូវសេវាកិច្ចគាំពារសង្គម ជាពិសេសការផ្តល់សេវា របបសន្តិសុខសង្គម សម្រាប់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូន។

លោកអគ្គនាយក បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវី-១៩ នេះយ៉ាងណាក៏ដោយ ជាពិសេសត្រូវបន្ដអនុវត្តនូវវិធាន “៣កុំ ៣ការពារ” ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមវិធានរបស់ក្រសួងសុខាភិបាល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top