ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៨-២៤ សីហា តំបន់មួយចំនួន នឹងមានភ្លៀងពីតិចទៅច្រើន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២១ ថាចាប់ពីថ្ងៃទី១៨ ដល់២៤ សីហា តំបន់មួយចំនួននឹង មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។

ក្រសួងលើកឡើងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេនឹង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។

ក្រសួងបន្តថាចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ ។ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

នៅថ្ងៃទី២១-២៤ ខែសីហា បណ្ដាខេត្តភាគច្រើននឹងអាច មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ព្រមជាមួយនោះក៏អាច មានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីបង្គួរទៅច្រើន ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេអាចនឹងមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ ។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ អាចនឹងមានភ្លៀងធ្លាក់​ ក្នុងកម្រិតពីតិចទៅបង្គួរ ៕

To Top
×